រដ្ឋាភិបាលវៀតណាមជំរុញឱ្យមានការរឹតបណ្តឹង ការប្រើយានយន្តឯកជននៅក្រុងធំៗ ក្រោយស្ទះចរាចរណ៍ខ្លាំង
N
Nary Vann
26 កញ្ញា 2023 01:30 AM

រដ្ឋាភិបាលវៀតណាម បានចេញការណែនាំដល់ទីក្រុងហាណូយ ក្រុងព្រៃនគរ(ហូជីមិញ) និងទីក្រុងធំៗផ្សេងទៀត ឱ្យរៀបចំផែនការច្បាស់លាស់ ដើម្បីកាត់បន្ថយការប្រើប្រាស់យានយន្តឯកជន និងបង្កើនការដឹកជញ្ជូនសាធារណៈ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងទីក្រុង។

នៅក្នុងកម្មវិធីធានាសណ្តាប់ធ្នាប់ចរាចរណ៍ និងសុវត្ថិភាព ដែលត្រូវបានចេញផ្សាយកាលពីសប្តាហ៍មុន រដ្ឋាភិបាលវៀតណាម បានដាស់តឿនទីក្រុងនានាឱ្យផ្តល់អាទិភាពដល់ការវិនិយោគលើការដឹកជញ្ជូនសាធារណៈ ជាពិសេសយានយន្តដែលអាចផ្ទុកមនុស្សបានច្រើននាក់។ រដ្ឋាភិបាលបានអំពាវនាវឱ្យពួកគេបង្កើតផែនទីបង្ហាញផ្លូវ ដើម្បីកំណត់ការប្រើប្រាស់រថយន្តឯកជន និងម៉ូតូនៅក្នុងតំបន់ខាងក្នុងទីក្រុង ហើយគ្រប់គ្រងការប្រើប្រាស់ចិញ្ចើមផ្លូវឱ្យកាន់តែប្រសើរឡើង ដើម្បីធានាថា អ្នកថ្មើរជើងមានទីធ្លារដើម្បីងាយស្រួលធ្វើដំណើរសាធារណៈ។ កម្មវិធីនេះ ក៏បានស្វែងរកការធានាពីទីក្រុងហាណូយ និងទីក្រុងព្រៃនគរ ថាប្រព័ន្ធរថភ្លើងក្រោមដីរបស់ពួកគេនឹងត្រូវបានបញ្ចប់តាមកាលវិភាគ ដោយបន្ថែមថាពួកគេត្រូវការបំពេញប្រព័ន្ធដឹកជញ្ជូនរហ័សតាមរថយន្តក្រុង និងភ្ជាប់ពួកវាជាមួយរថភ្លើងក្រោមដី។ 

កាល​ពី​ខែ​មេសាឆ្នាំ​មុន រដ្ឋាភិបាល​បាន​ផ្តល់​ភារកិច្ច​ដល់​ទីក្រុង​ធំ​ជាង​គេ​ទាំង​ប្រាំ​របស់​ប្រទេស​ រួមបញ្ចូលទាំងទីក្រុងដាណាង ទីក្រុងព្រៃនគរ និងទីក្រុងកឹន ថឺ (Can Tho) ដោយ​បាន​បង្កើត​ផែនការ​រឹតត្បិត​ការ​ជិះ​ម៉ូតូ​នៅ​តាម​ទីប្រជុំជន។ ទីក្រុងទាំងនោះ មានពេលរហូតដល់ឆ្នាំ២០៣០ ដើម្បីហាមឃាត់ ឬរឹតបណ្តឹងការបើកបរម៉ូតូនៅក្នុងតំបន់មួយចំនួន។ ពួកគេ ក៏ត្រូវបានណែនាំឱ្យសិក្សា និងបង្កើតគ្រោងការណ៍ ដើម្បីគិតថ្លៃសម្រាប់ការចូលទៅក្នុងតំបន់មួយចំនួន ដែលប្រឈមនឹងហានិភ័យនៃការកកស្ទះ និងការបំពុលអាកាសផងដែរ។ 

នៅខែធ្នូ ឆ្នាំ២០២១ ទីក្រុងហាណូយ បានបង្ហាញពីផែនការហាមប្រាមការបើកបរម៉ូតូនៅកណ្តាលស្រុកក្រោយឆ្នាំ២០២៥។ ទីក្រុងព្រៃនគរ ធ្លាប់បាននិយាយនៅឆ្នាំ២០១៩ថា ខ្លួននឹងដាក់កំហិត ហើយនឹងហាមម៉ូតូចេញពីទីប្រជុំជនមួយចំនួន។ ទោះយ៉ាងណា មិនទាន់មានផែនការជាក់លាក់ណាមួយនៅឡើយទេ ក្នុងការកំណត់ការប្រើប្រាស់យានយន្តឯកជន។ យោងតាមទិន្នន័យផ្លូវការ ទីក្រុងព្រៃនគរមានយានយន្តឯកជនចំនួន៨,៤លានគ្រឿង ក្នុងនោះមានម៉ូតូចំនួន៧,៦លានគ្រឿង ខណៈរដ្ឋធានីហាណូយ មានយានយន្តចំនួន៦,៤លានគ្រឿង ក្នុងនោះមានម៉ូតូចំនួន៥,៦លានគ្រឿង។ រដ្ឋធានីមានខ្សែរថភ្លើងក្រោមដីប្រតិបត្តិការតែមួយប៉ុណ្ណោះ ខណៈដែលក្រុងព្រៃនគរកំពុងរង់ចាំខ្សែថភ្លើងដំបូងរបស់ខ្លួន ដើម្បីចាប់ផ្តើមដំណើរការនៅឆ្នាំក្រោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត