ច្បាប់ចរាចរណ៍ថ្មីនៅខេត្តកំពង់ស្ពឺ៖ អ្នកបើកម៉ូតូកង់បីមិនពាក់មួកសុវត្ថិភាព ត្រូវទិញមួកមកពាក់មុខសមត្ថកិច្ចទើបឱ្យបន្តដំណើរទៅមុខ
K
Kimhuoy K.
12 កញ្ញា 2024 01:15 PM

កំពង់ស្ពឺ៖ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តជំរុញការរឹតបណ្ដឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវ គោកកាន់តែម៉ឺងម៉ាត់ ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងជាយថាហេតុ ចំពោះអ្នកបើកបរទោចក្រ យានយន្ត និងអ្នកបើកបរត្រីចក្រយានយន្តតាមដងផ្លូវសាធារណៈ។ 

ក្នុងនោះដែរ ការរឹតបន្ដឹងច្បាប់ជំរុញការពាក់មួកសុវត្ថិភាពនឹងអនុវត្តវិធានការពិន័យតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចំពោះអ្នកបើកបរទោចក្រយានយន្ត និងអ្នកបើកបរត្រីចក្រយានយន្ត មិនពាក់មួកសុវត្ថិភាព និងតម្រូវឱ្យទិញមួកសុវត្ថិភាពមកពាក់នៅនឹងមុខសមត្ថកិច្ច ទើបអនុញ្ញាតឱ្យបន្តដំណើរទៅមុខទៀត។

នគរបាលនឹងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនេះដល់អ្នកបើកបរទោចក្រយានយន្ត និងអ្នកបើកបរ ត្រីចក្រយានយន្តឱ្យពាក់មួកសុវត្ថិភាពចាប់ពីខែកញ្ញានេះតទៅ។ ដោយឡែក អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអះអាងថា ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤នេះតទៅ នគរបាលនឹងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ប្រកបដោយតម្លាភាព គ្មានការលើកលែងនិងយោគយល់នោះទេ ដោយត្រូវធ្វើការផាកពិន័យតាមច្បាប់ជាមិនខាន។ 

យ៉ាងណាមិញ ដើម្បីចូលរួមផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តនឹងសហការជាមួយក្រុមការងារ ប.ស.ស និយោជក អង្គការដៃគូ សង្គមស៊ីវិល ដើម្បីផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចែកសៀវភៅតូចស្តីពី សុវត្ថិភាពអ្នកបើកបរទោចក្រយានយន្ត និងត្រីចក្រយានយន្ត ជូនដល់កម្មករ កម្មការិនីនៅតាម បណ្តា រោងចក្រ សហគ្រាស ក្នុងខេត្ត។ ជាមួយគ្នានេះ ក៏នឹងមានការរៀបចំធ្វើវេទិកាសាធារណៈ និងផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តាមន្ទីរ-អង្គភាព រដ្ឋបាលក្រុង/ស្រុក រដ្ឋបាលឃុំ/សង្កាត់ និងប៉ុស្តិ៍ នគរបាលរដ្ឋបាល រោងចក្រ សហគ្រាស និងគ្រឹះស្ថានសិក្សា ឱ្យបាន២ដងក្នុងមួយឆ្នាំ។

គួរបញ្ជាក់ដែរថា គ្រប់ហាងលក់ម៉ូតូទាំងអស់ក្នុងខេត្តកំពង់ស្ពឺ មុនពេលលក់ទោចក្រយានយន្តដល់អតិថិជន គឺតម្រូវឱ្យធ្វើការផ្សព្វផ្សាយអប់រំដល់អតិថិជនអំពីកាតព្វកិច្ចអ្នកបើកបរ ដែលមានចែងក្នុងច្បាប់ ចែកសៀវភៅតូចស្តីពីសុវត្ថិភាពអ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្ត និងផ្តល់មួកសុវត្ថិភាពដល់អតិថិជនផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត