ផ្ទុះការរិះគន់ពីមហាជនក្រោយមន្ត្រីកិច្ចសន្យាឃាត់រ៉ឺម៉កដឹកម៉ូតូនៅស្ទឹងមានជ័យ ពេលនេះស្នងការរាជធានីហៅទៅបំភ្លឺ
អុន សម្ផស្ស
17 កក្កដា 2024 03:32 AM

រាជធានីភ្នំពេញ៖ ពលរដ្ឋរិះគន់មន្រ្តីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងមន្រ្តីជាប់កិច្ចសន្យាដូចទឹកបាក់ទំនប់ បន្ទាប់ពីឃើញមន្ត្រីកិច្ចសន្យាឈរជើងនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ឃាត់រ៉ឺម៉កដឹកម៉ូតូ ខណៈពលរដ្ឋចោទជាសំណួរថា «តើមន្រ្តីជាប់កិច្ចសន្យា មានសិទ្ធឃាត់យានយន្តប្រជាពលរដ្ឋបានដែរឬទេ?»។ យ៉ាងណា ក្រោយការរិះគន់នោះនៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅមន្ត្រីទាំង៤រូប ប្រចាំគោលដៅទៅបំភ្លឺ..។

រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ជាលទ្ធផលមន្រ្តីទាំងនោះបញ្ជាក់ថា ម៉ូតូរ៉ឺម៉ក បានដឹកសំពីងសំពោង និងគ្មានបំពាក់ស្លាកលេខត្រឹមត្រូវតាមគោលការណ៍ច្បាប់ បង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ និងល្មើសការហាមឃាត់ ដែលមិនអនុញ្ញាតឱ្យម៉ូតូរ៉ឺម៉កដឹកសំពីងសំពោងចូលក្នុងរាជធានី ខុសពេលវេលានោះទេ។ អំឡុងពេលឃាត់ គឺម៉ូតូរ៉ឺម៉កធ្វើដំណើរឆ្លងកាត់គោលដៅមន្រ្តីនគរបាលចរាចរណ៍ឈរនៅខាងមុខ បានកាក់ហៅឱ្យរ៉ឺម៉កនោះឈប់ដែរ ប៉ុន្តែអ្នកបើកម៉ូតូរ៉ឺម៉កនោះបើកបរក្នុងស្ថានភាពលឿននឹងបានជ្រុលមកដល់ចំណុចឈរជើងមន្រ្តីជាប់កិច្ចសន្យា ទើបមន្រ្តីកិច្ចសន្យាកាក់ហៅឱ្យឈប់។ ក្រោយហៅឱ្យឈប់ មន្រ្តីនគរបាលចរាចរ បានធ្វើការអប់រំណែនាំ បន្ទាប់មកបានអនុញ្ញាតឱ្យរ៉ឺម៉កនោះបន្តដំណើរទៅមុខដោយមិនបានផាកពិន័យអ្នកបើកបរនោះទេ។

រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

សូមរំឭកថា កន្លងទៅ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ អំពីតួនាទីភារកិច្ចរបស់មន្រ្តីជាប់កិច្ចសន្យាថា មានសិទ្ធិស្លៀកពាក់ឯកសណ្ឋានមន្រ្តីជាប់កិច្ចសន្យា ហើយសហការជាមួយមន្រ្តីនគរបាលចរាចរ សម្រួលដោះស្រាយការកកស្ទះចរាចរ។ ប៉ុន្តែគ្មានសិទ្ធិពាក់ឯកសណ្ឋានមន្រ្តីនគរបាលចរាចរ និងប្រើប្រាស់អាវុធជាតិផ្ទុះនោះទេ។ បន្ថែមលើនេះ មន្រ្តីជាប់កិច្ចសន្យា ក៏គ្មានសិទ្ធិអង្គុយសរសេរវិក័យប័ត្រផាកពិន័យចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោកដែរ។ មន្រ្តីជាប់កិច្ចសន្យា គ្មានសិទ្ធិបង្កើតក្រុមរបស់ពួកគេទៅលួចឈរជើងគោលដៅណាមួយដោយគ្មានការដឹកនាំបញ្ជាពីមន្រ្តីនគរបាលចរាចរទេ។ ប៉ុន្តែមន្ត្រីជាប់កិច្ចសន្យា មានសិទ្ធិធ្វើជាជំនួយការរបស់មន្រ្តីនគរបាលចរាចរផ្លូវគោក ដែលដឹកនាំដោយមន្រ្តីនគរបាលចរាចរ។ ផ្ទុយទៅវិញ មន្រ្តីជាប់កិច្ចសន្យាមានសិទ្ធិចាប់ឃាត់រាល់បទល្មើសជាក់ស្តែង នៅលើដងផ្លូវរួមទាំងបទល្មើសព្រហ្មទណ្ឌផងដែរ។

រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

គួរជម្រាបថា ចំពោះមុខបញ្ហានេះ ស្នងការនគរបាលរាជធានីបន្តអះអាងថា ស្ថាប័នខ្លួននៅតែបន្តពង្រឹងវិន័យចំពោះមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីនគរបាលចរាចរផ្លូវគោក ចុះបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បើក្នុងករណីធ្វើសកម្មភាពល្មើសវិន័យកងកម្លាំងនគរបាលជាតិ អនុវត្តផ្ទុយពីបទបញ្ជាថ្នាក់លើ និងអនុវត្តខុសគោលការណ៍ច្បាប់ បង្កប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋនឹងត្រូវយកមកដាក់ពិន័យទៅតាមទោសកំហុសដែលបានប្រព្រឹត្ត៕

រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត