សាងសង់បង្គន់បានជាង៩ម៉ឺន ជំរុញខេត្តក្រចេះសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
L
Linda Sorn
05 ឧសភា 2025 08:45 AM

ក្រុងក្រចេះ៖​ ខេត្តក្រចេះ នៅថ្ងៃចន្ទទី៥ ខែឧសភា ឆ្នាំ២០២៥នេះ ត្រូវបានប្រកាសទទួលស្គាល់ផ្លូវការ ជាខេត្តទី២០ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)…។

ពិធីប្រកាសទទួលស្គាល់ខេត្តក្រចេះ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ធ្វើឡើងក្រោមអធិបតីភាព លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ រួមទាំងអ្នកពាក់ព័ន្ធសរុបប្រមាណ១៥០០នាក់។ ថ្លែងក្នុងកម្មវិធីខាងលើ ​អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានឱ្យដឹងថា តាមរយៈការងារនៃការលើកកម្ពស់អនាម័យជនបទឆ្នាំ២០២៤-២០២៥ ប្រជាពលរដ្ឋខេត្តក្រចេះបានសាងសង់បង្គន់អនាម័យផ្ទាល់ខ្លួនសរុបចំនួនប្រមាណ៨ម៉ឺន៤ពាន់ខ្នងផ្ទះ និងប្រើប្រាស់បង្គន់រួមជិត៤ពាន់ខ្នងផ្ទះ

លោក វ៉ា ថន អភិបាលខេត្តក្រចេះ   
លោក វ៉ា ថន អភិបាលខេត្តក្រចេះ   

លោកអះអាងថា ជាលទ្ធផលអត្រាគ្របដណ្ដប់បង្គន់អនាម័យទូទាំងខេត្តសម្រេចមានប្រមាណ៩០ភាគរយ ស្មើនឹងជាង៩ម៉ឺន៣ពាន់ខ្នងផ្ទះ ហើយ១០ភាគរយ នៃផ្ទះដែលមានបង្គន់ ក៏មានដាក់សាប៊ូលាងដៃ និងមានការទុកដាក់លាមកសត្វបានល្អសមរម្យ។ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តក្រចេះសម្រេចបាន ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសជីវភាពរស់នៅកាន់តែល្អប្រសើរឡើង តាមរយៈការផ្លាស់ប្ដូរទម្លាប់, ការកែលម្អលក្ខខណ្ឌរស់នៅ, ប្រើប្រាស់ទឹកស្អាត រួមទាំងផ្លាសប្តូរពីការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ
លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ

ជាមួយគ្នា លោកក៏ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តរក្សាលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេសការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេចការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ នាពេលដ៏ខ្លីខាងមុខ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ មានរាជធានី-ខេត្តចំនួន២០ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ រាជធានី-ខេត្តទាំង២០ រួមមាន រាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគិរី សៀមរាប ត្បូងឃ្មុំ តាកែវ ស្ទឹងត្រែង កំពង់ធំ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងក្រចេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត