ការទាញយកកម្មវិធី DeepSeek នៅកូរ៉េខាងត្បូងត្រូវបានផ្អាក
N
Nary Vann
17 កុម្ភៈ 2025 06:53 AM

រដ្ឋធានីសេអ៊ូល៖ អាជ្ញាធរការពារទិន្នន័យរបស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសថា ការទាញយកថ្មីនៃកម្មវិធី AI របស់ចិន DeepSeek ត្រូវបានផ្អាកនៅក្នុងប្រទេស បន្ទាប់ពីកម្មវិធីនេះ ទទួលស្គាល់ថាមិនបានគិតគូរពីច្បាប់មួយចំនួនរបស់ទីភ្នាក់ងារស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន។

គណៈកម្មការការពារព័ត៌មានផ្ទាល់ខ្លួន ហៅកាត់ថា PIPC បានរៀបរាប់នៅក្នុងសន្និសីទសារព័ត៌មានមួយ ថាសេវាកម្មរបស់កម្មវិធីនឹងត្រូវបានបន្តនៅពេលដែលការកែលម្អត្រូវបានធ្វើឡើងស្របតាមច្បាប់ឯកជនភាពរបស់ប្រទេស។ ទីភ្នាក់ងារនេះ បន្តថា វិធានការដែលបានចូលជាធរមានកាលពីថ្ងៃសៅរ៍សប្តាហ៍មុន មានគោលបំណងរារាំងការទាញយកកម្មវិធីថ្មីនេះ តែសេវាគេហទំព័ររបស់ DeepSeek នៅតែអាចចូលប្រើបាននៅក្នុងប្រទេសកូរ៉េខាងត្បូង។ អាជីវកម្មចាប់ផ្តើមថ្មីរបស់ចិនបានតែងតាំងអ្នកតំណាងស្របច្បាប់កាលពីសប្តាហ៍មុននៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយបានទទួលស្គាល់ការមិនយកចិត្តទុកដាក់ផ្នែកខ្លះនៃច្បាប់ការពារទិន្នន័យរបស់ប្រទេស។ 

នៅពេលត្រូវបានសាកសួរអំពីចំណាត់ការរបស់នាយកដ្ឋានរដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងការរារាំង DeepSeek អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រាប់សន្និសីទសារព័ត៌មានថា រដ្ឋាភិបាលចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះឯកជនភាព និងសុវត្ថិភាពទិន្នន័យ ហើយការពារវាស្របតាមច្បាប់។ អ្នកនាំពាក្យក៏បាននិយាយផងដែរថា រដ្ឋធានីប៉េកាំងនឹងមិនស្នើសុំឱ្យក្រុមហ៊ុន ឬបុគ្គលណាមួយប្រមូល ឬរក្សាទុកទិន្នន័យដោយបំពានច្បាប់នោះទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត