
ក្រុងស្ទឹងសែន៖ ឈើប្រណិតកម្រិតលេខពីរប្រមាណជាង៥ម៉ែត្រគូប ត្រូវបានយោធានៃកងវរសេនាតូចលេខ៤៤៨ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រទះឃើញគំនរឈើ៣នៅទីតាំងក្នុងតំបន់ព្រៃអភិរក្សនៃឃុំបឹងល្វា ស្រុកសន្ទុក កាលពីវេលាម៉ោង០១ៈ៣៥នាទីយប់ថ្ងៃអាទិត្យទី១៦កុម្ភៈ ឆ្នាំ២០២៥...។

ថ្លែងប្រាប់ SBM News នៅព្រឹកថ្ងៃចន្ទទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ទោ ថនស៊ី សក្ដា មេបញ្ជាការកងវរសេនាតូចលេខ៤៤៨ បានឱ្យដឹងថា ដោយទទួលបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង, អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ លោកបានអមដំណើរ និងដឹកនាំកងកម្លាំងយោធាប្រមាណជាង៣០នាក់ចុះល្បាតនៅតំបន់ព្រៃការពារខាងលើ ដោយបានប្រទះឃើញគំនរឈើនៅ៣ទីតាំងផ្សេងគ្នា ដែលក្រុមឧក្រិដ្ឋជនលួចអារអង្កន់ជាប្រភេទឈើមូល ទុកសម្រាប់នាំចេញទៅលក់ចែកចាយនៅតំបន់ផ្សេងៗ។

លោកមេបញ្ជាការ គូសបញ្ជាក់យ៉ាងដូច្នេះថា៖«បាទ..! សម្រាប់ប្រតិបត្តិការចុះល្បាតកាលពីយប់មិញនេះ[..]ខ្ញុំទទួលបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សោម ស៊ុន ដើម្បីអមដំណើរលោក ជាមួយកងកម្លាំងយោធាប្រមាណជា៣០នាក់ ទៅកាន់តំបន់ព្រៃការពារក្នុងភូមិសាស្ត្រឃុំបឹងល្វានៃស្រុកសន្ទុក។ ខ្ញុំមិនច្បាស់ទេថា[..]ការចុះប្រតិបត្តិការរបស់លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងលើកនេះ ជាការទទួលបានព័ត៌មានរាយការណ៍ពីខាងណា ឬពីប្រជាពលរដ្ឋឡើយ ព្រោះកងទ័ពឱ្យតែមានបទបញ្ជាពីថ្នាក់លើ គឺដាច់ខាតត្រូវតែអនុវត្តដោយមិនអាចសួរនាំបានទេ! ចំណុចនេះខ្ញុំសូមអធ្យាស្រ័យផង មិនបានដឹងពិតមែន!»។

ទោះជាយ៉ាងណា លោកវរសេនីយ៍ទោ ថនស៊ី សក្ដា គូសបញ្ជាក់បន្ថែមថា ក្រោយពីរាប់ចំនួនច្បាស់លាស់នៃចំនួនឈើមូលទាំងនោះហើយ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាឱ្យលោកដឹកនាំកងកម្លាំងប្រមូលយកអនុផលព្រៃឈើដែលរងការកាប់បំផ្លាញពីក្រុមឈ្មួញទុច្ចរិតទាំងនោះ ទៅប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ដើម្បីរក្សាទុក និងបន្តស្រាវជ្រាវរកមុខសញ្ញាជនល្មេីសយកមកផ្តន្ទារទោសតាមនីតិវិធីច្បាប់ជាធរមាន..៕







