គោលការណ៍ទើបបង្កើតថ្មី៖ រាល់ពេលបង្ហោះដ្រូន ត្រូវជូនដំណឹងទៅប៉ូលិសជាមុន
Mao Sopha
16 កុម្ភៈ 2025 06:00 AM

រាជធានីភ្នំពេញ៖ ពីពេលនេះទៅ នៅកម្ពុជា គេមិនអាចបង្ហោះដ្រូនបានគ្រប់ពេល-គ្រប់កន្លែងបានតាមចិត្តនោះទេ។ រដ្ឋបានបង្កើតលក្ខខណ្ឌច្បាស់លាស់ និងមានលក្ខណៈតឹងរឹង សម្រាប់ការបង្ហោះដ្រូនម្តងៗ ដូចជា កន្លែងណាដែលត្រូវបង្ហោះបាន កន្លែងណាដែលត្រូវហាមមិនឱ្យបង្ហោះ និងអាចបង្ហោះបាននៅម៉ោងប៉ុន្មាន ជាដើម។ ជាពិសេស ការបង្ហោះដ្រូនម្តងៗ ចាំបាច់ត្រូវឱ្យនគរបាលនៅតំបន់នោះបានដឹងជាមុន។

ប្រកាសថ្មីដែលក្រសួង-ស្ថាប័ន៣ទើបនឹងចេញរួមគ្នា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានកំណត់យ៉ាងដូច្នេះថា៖«អ្នកបង្ហោះដ្រូន ត្រូវជូនដំណឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់នៃទីកន្លែងបង្ហោះដូ្រននោះ មុននឹងបង្ហោះ»។ បន្ទាប់មក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ត្រូវរាយការណ៍ពីការបង្ហោះដ្រូន ទៅក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃ នឹងចែករំលែកដំណឹងនេះបន្ត ទៅកាន់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

រូបតំណាង៖ នគរបាលរាជធានីភ្នំពេញគោរពទង់ជាតិ (រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
រូបតំណាង៖ នគរបាលរាជធានីភ្នំពេញគោរពទង់ជាតិ (រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

បន្ថែមពីនេះ អធិការដ្ឋាននគរបាលក្រុង-ស្រុក-ខណ្ឌ ដែលជាអង្គភាពនគរបាលនៅពីលើប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ ក៏ត្រូវមានសិទ្ធិទទួលបានការជូនដំណឹងពីការបង្ហោះដ្រូនដែរ។ ហើយបន្ទាប់មក អធិការដ្ឋាន ត្រូវចែករំលែកព័ត៌មានបន្ត ទៅកាន់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើការបង្ហោះដ្រូននោះ ត្រូវបានប្រើប្រាស់ក្នុងវិស័យកសិកម្ម។

រូបតំណាង៖ កិច្ចប្រជុំនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ
រូបតំណាង៖ កិច្ចប្រជុំនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ

ចំណុចសំខាន់ៗផ្សេងទៀត ដែលត្រូវអនុញ្ញាត និងត្រូវហាមក្នុងការបង្ហោះដ្រូន រួមមាន៖

អ្នកដែលអាចបង្ហោះដ្រូនបាន ត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ ការបង្ហោះដ្រូនម្តងៗ មិនត្រូវឱ្យផុតពី១២០ម៉ែត្រពីផ្ទៃដី ឬផ្ទៃទឹកឡើយ ហើយបើចង់បង្ហោះខ្ពស់ជាងនេះ ត្រូវសុំការអនុញ្ញាតពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលជាមុន។ ពេលវេលាដែលអាចបង្ហោះដ្រូនបាន គឺចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច ហើយបើខុសពីម៉ោងនេះ ត្រូវមានការអនុញ្ញាតពីសមត្ថកិច្ចជាមុនសិន មុននឹងបង្ហោះ។ មិនត្រូវបង្ហោះដ្រូនចាប់ពី៥គ្រឿងឡើងទៅនោះទេ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរ ហើយដ្រូន មិនត្រូវផ្ទុកសារធាតុមានគ្រោះថ្នាក់គ្រប់ប្រភេទ។

តំបន់ ឬទីតាំង ដែលត្រូវហាមឃាត់មិនឱ្យបង្ហោះដ្រូនពីលើឬនៅជុំវិញ មានដូចជា ព្រះបរមរាជវាំង លំនៅឋានប្រធានព្រឹទ្ធសភា លំនៅឋានប្រធានរដ្ឋសភា លំនៅឋាននាយករដ្ឋមន្តី បណ្តាស្ថាប័នរដ្ឋ មូលដ្ឋានយោធា មូលដ្ឋាននគរបាលជាតិ មន្ទីរពេទ្យ សាលារៀន ផ្សារ ពហុកីឡដ្ឋាន តំបន់រមណីយដ្ឋានអង្គរ បរិវេណប្រាសាទ ស្ថានទូត-អគ្គកុងស៊ុលបរទេស និងអង្គការអន្តរជាតិ។ សូម្បីទីតាំងឯកជន ក៏មិនអាចបង្ហោះដ្រូនពីលើដែរ។ បើចង់បង្ហោះដ្រូនពីលើទីតាំង ឬតំបន់ទាំងអស់នេះ ត្រូវសុំការអនុញ្ញាតពីម្ចាស់ទីតាំងជាមុនសិន។

ពីឆ្វេងទៅស្តាំ៖ លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោក ឌិន ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
ពីឆ្វេងទៅស្តាំ៖ លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោក ឌិន ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

ប្រកាសខាងលើ ត្រូវបានចេញរួមគ្នាដោយក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ក្រសួង-ស្ថាប័នទាំង៣ ចេញប្រកាសរួមគ្នាកំណត់ពីលក្ខខណ្ឌយ៉ាងតឹងរឹង និងម៉ត់ចត់យ៉ាងដូច្នេះ ចំពោះការបង្ហោះដ្រូននៅកម្ពុជា គឺបន្ទាប់ពីសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ទម្លាយចេញពីវេទិកាសាធារណៈមួយនាពេលថ្មីៗនេះថា មានគេបង្ហោះដ្រូនប៉ងវាយប្រហារទៅលើភូមិគ្រឹះសម្តេចនៅក្រុងតាខ្មៅ ហើយបំណងរបស់គេ គឺចង់ផ្តាច់ជីវិតសម្តេច។ ក្រោយមកបន្តិច សម្តេចកក៏បន្តទម្លាយរឿងនេះលើបណ្តាសង្គមថែមទៀត។ ប្រធានគណបក្សកាន់អំណាច បានហៅគម្រោងវាយប្រហារលើភូមិគ្រឹះសម្តេចដោយការប្រើដ្រូននេះ ថាជាអំពើភេរវកម្ម៕  

សម្តេច ហ៊ុន សែន ធ្វើជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ នៅស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយពេលឡើងថ្លែងក្នុងពិធីនោះ សម្តេចក៏ទម្លាយពីគម្រោងដែលគេចង់ធ្វើឃាតសម្តេចដោយការប្រើដ្រូន។ 
សម្តេច ហ៊ុន សែន ធ្វើជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ នៅស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយពេលឡើងថ្លែងក្នុងពិធីនោះ សម្តេចក៏ទម្លាយពីគម្រោងដែលគេចង់ធ្វើឃាតសម្តេចដោយការប្រើដ្រូន។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត