
ខេត្តពោធិ៍សាត់៖ ក្រសួងបរិស្ថាន បានព្យាករថា គិតត្រឹមព្រឹកថ្ងៃទី១៦កុម្ភៈ ឆ្នាំ២០២៥នេះ ខេត្តពោធិ៍សាត់ រងការបំពុលខ្យល់កម្រិតមធ្យមដដែល។ ក្រសួងបរិស្ថាន គូសបញ្ជាក់ថា មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤៥,៤៨ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ធៀបនឹងបទដ្ឋាន(ស្ដង់ដារ)៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូប និងគិតជាសន្ទស្សន៍គុណភាពខ្យល់ល្អ។

យ៉ាងណា បើមើលទៅតាមទិន្នន័យ បង្ហាញថា ខេត្តពោធិ៍សាត់ ស្ថិតក្នុងពណ៌ទឹកក្រូច មានន័យថា «បង្គួរ» ខ្យល់ពុលកម្រិតមធ្យម។ ជៀសវាងសកម្មភាពចេញខាងក្រៅបើសិនជាអាច ករណីចេញក្រៅ សូមប្រើប្រាស់ឧបករណ៍ការពារផ្លូវដង្ហើមជាជំនួយ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ផ្លូវដង្ហើមជាយថាហេតុ។

ក្រសួងបន្ថែមថា ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តប៉ៃលិន ស្ថិតក្នុងពណ៌លឿង បញ្ជាក់ថា «មធ្យម» ការបំពុលកម្រិតស្រាល។ មនុស្សទូទៅ អាចធ្វើសកម្មភាពចេញក្រៅផ្ទះជាធម្មតា តែអ្នកដែលមានសុខភាពទន់ខ្សោយបើមានរោគសញ្ញាដូចជាក្អក ពិបាកដកដង្ហើម រលាកភ្នែក ត្រូវកាត់បន្ថយរយៈពេលនៃសកម្មភាពចេញក្រៅ។

ដោយទ្បែក រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកណ្តាល និងខេត្តឧត្តរមានជ័យ ស្ថិតក្នុងពណ៌បៃតង បានន័យថា គុណភាពខ្យល់ល្អ។ ចំពោះ ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកែប ខេត្តរតនគិរី ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ ស្ថិតក្នុងពណ៌ខៀវ គុណភាពខ្យល់ល្អណាស់ អាចធ្វើដំណើរចេញទៅក្រៅបានជាធម្មតា៕





