
រដ្ឋធានីហាណូយ៖ វៀតណាមគ្រោងនឹងខ្ចីប្រាក់ពីរដ្ឋាភិបាលចិន ដើម្បីផ្តល់មូលនិធិមួយផ្នែកដល់គម្រោងតម្លៃ៨,៣ពាន់លានដុល្លារ សាងសង់ផ្លូវដែកថ្មីមួយដែលតភ្ជាប់ប្រទេសសង្គមនិយមទាំងពីរ។ នេះបើតាមរដ្ឋមន្ត្រីដឹកជញ្ជូនវៀតណាម លោក ង្វៀន ហុងមិញ (Nguyen Hong Minh)។

វៀតណាមបាននិងកំពុងខ្នះខ្នែងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្លូវដែក ដែលមានវ័យចំណាស់របស់ខ្លួន ហើយងាកទៅរកប្រទេសចិនសម្រាប់ការផ្ដល់មូលនិធិ និងបច្ចេកវិទ្យា។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបានប្រាប់សភាថា៖«ប្រព័ន្ធផ្លូវដែកបច្ចុប្បន្ន គឺហួសសម័យ ហើយប្រទេសនេះត្រូវការប្រព័ន្ធថ្មីមួយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន»។ លោក មិញ បាននិយាយថា ផ្លូវដែកប្រវែង៣៩១គីឡូម៉ែត្រនឹងរត់ពីទីក្រុងព្រំដែនឡៅខាយ Lao Cai ឆ្លងកាត់រដ្ឋធានីហាណូយ ទៅកាន់ទីក្រុងហៃហ្វុង Haiphong ជាកំពង់ផែសមុទ្ទដ៏ធំបំផុតនៅភាគខាងជើងប្រទេសវៀតណាម។ ផ្លូវដែកនេះ នឹងមានរង្វាស់ប្រវែង១៤៣៥មីលីម៉ែត្រ ហើយនឹងអនុញ្ញាតឱ្យរថភ្លើងដំណើរការក្នុងល្បឿនរហូតដល់១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។

វាត្រូវបានរចនាឡើងដើម្បីដឹកជញ្ជូនអ្នកដំណើរ និងទំនិញ។ លោកបន្តថា ការសាងសង់ផ្លូវរថភ្លើងត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅឆ្នាំនេះ ហើយនឹងបញ្ចប់នៅឆ្នាំ២០៣០។ សភាគ្រោងនឹងបោះឆ្នោតលើគម្រោងផ្លូវដែកនៅសប្តាហ៍ក្រោយ ក្នុងអំឡុងពេលកិច្ចប្រជុំដែលកំពុងបន្តនៅរដ្ឋធានីហាណូយ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ សមាជិកសភា ក៏បានអនុម័តលើសេចក្តីសម្រេចដែលគាំទ្រលើការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតម្លៃ៦៧ពាន់លានដុល្លារ ក្នុងប្រវែង១៥៤១គីឡូម៉ែត្រ ដែលនឹងតភ្ជាប់រដ្ឋធានីហាណូយជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងព្រៃនគរ (ហូជីមិញ) ដោយកំណត់គោលដៅចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០៣៥៕






