
ចំណេះដឹងទូទៅ៖ អាស៊ីអាគ្នេយ៍ គឺជាតំបន់ដែលមានសាកលវិទ្យាល័យចំណាស់ជាងគេ និងល្បីល្បាញបំផុតមួយក្នុងពិភពលោក។ សាកលវិទ្យាល័យនីមួយៗមានប្រវត្តិដ៏សម្បូរបែប និងមានសារសំខាន់នៃវប្បធម៌ចម្រុះ។ តើលោកអ្នកមានដឹងទេ..សាកលវិទ្យាល័យណាខ្លះមានវ័យចំណាស់បំផុតនៅអាស៊ីអាគ្នេយ៍...? ហើយថា..តើសាកលវិទ្យាល័យដ៏ចំណាស់របស់កម្ពុជា ស្ថិតនៅលំដាប់ទីប៉ុន្មាន..?

ថ្ងៃនេះ SBM News នឹងជម្រាបជូនសាកលវិទ្យាល័យមានវ័យចំណាស់បំផុតទាំង១០ នៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍...។
លំដាប់ទី១៖
សាកលវិទ្យាល័យ Temple of Literature ប្រទេសវៀតណាម៖ សាកលវិទ្យាល័យនេះ ជាសាកលវិទ្យាល័យមានវ័យចំណាស់បំផុតនៅអាស៊ីអាគ្នេយ៍ ដោយមានអាយុកាលចាប់តាំងពីឆ្នាំ១០៧០។ សាកលវិទ្យាល័យនេះ មិនត្រឹមតែជាសម្បត្តិវប្បធម៌ និងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងដែលសិស្សានុសិស្សជាច្រើនទៅបួងសួងសុំសំណាងល្អក្នុងការប្រឡង និងការសិក្សា ហើយក៏ជាទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រដ៏ពេញនិយមនៅរដ្ឋធានីហាណូយផងដែរ។

លំដាប់ទី២៖
សាកលវិទ្យាល័យ University of Santo Tomas ប្រទេសហ្វីលីពីន៖ សាកលវិទ្យាល័យមួយនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៦១១។ វាបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិសាលភាពគុណភាពអប់រំក្នុងតំបន់។ លើសពីនេះ វាក៏ជាសាកលវិទ្យាល័យកាតូលិកធំជាងគេមួយរបស់ពិភពលោកផងដែរ។ ជាពិសេស វាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រវត្តិសាស្ត្រហ្វីលីពីន បង្កើតប្រធានាធិបតី វីរបុរស និងឥស្សរជនលេចធ្លោជាច្រើន។

លំដាប់ទី៣៖
សាកលវិទ្យាល័យ University of Indonesia ប្រទេសណ្ឌូណេស៊ី៖ សាកលវិទ្យាល័យនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៤៩ ដែលបានរួមចំណែកយ៉ាងសំខាន់ចំពោះការអប់រំខ្ពស់នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ សាកលវិទ្យាល័យឥណ្ឌូណេស៊ីមួយនេះ គឺជាស្ថាប័នអប់រំឈានមុខគេរបស់ប្រទេសឥណ្ឌូណេស៊ី និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស ជាមួយនឹងកម្មវិធីសិក្សាចម្រុះរបស់ខ្លួន និងការប្តេជ្ញាចិត្តនៃការស្រាវជ្រាវ និងការច្នៃប្រឌិតខ្ពស់។

លំដាប់ទី៤៖
សាកលវិទ្យាល័យ Yangon University ប្រទេសភូមា ឬ(មីយ៉ាន់ម៉ា)៖ សាកលវិទ្យាល័យមួយនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧៨ ជាសាកលវិទ្យាល័យមានមូលដ្ឋានគ្រឹះ នៃឧត្តមភាពសិក្សារបស់ប្រទេសមីយ៉ាន់ម៉ាទាំងមូល។ សាកលវិទ្យាល័យនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងចលនាឯករាជ្យភូមា។ លើសពីនេះ វាត្រូវបានគេស្គាល់ដោយសារកម្មវិធីសិល្បៈ និងវិទ្យាសាស្រ្ត។

លំដាប់ទី៥៖
សាកលវិទ្យាល័យ University of Malaysia ប្រទេសម៉ាឡេស៊ី៖ សាកលវិទ្យាល័យនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩០៥ និងនៅតែបន្តជាស្ថាប័នអប់រំឈានមុខគេនៅក្នុងប្រទេសម៉ាឡេស៊ី។ វាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសម៉ាឡេស៊ី តាមរយៈការអប់រំអ្នកដឹកនាំជួរមុខ និងអ្នកជំនាញល្បីៗជាច្រើន។ សព្វថ្ងៃនេះ វានៅតែជាស្ថាប័នឈានមុខគេសម្រាប់កម្មវិធីសិក្សាចម្រុះ និងការរួមចំណែកដល់កិច្ចការស្រាវជ្រាវ។

លំដាប់ទី៦៖
សាកលវិទ្យាល័យ National University of Singapore ប្រទេសសិង្ហបុរី៖ សាកលវិទ្យាល័យជាតិសិង្ហបុរីបង្កើតឡើងក្នុងឆ្នាំ១៩០៥។ សព្វថ្ងៃនេះ វាមានភាពល្បីល្បាញខ្លាំងសម្រាប់កម្មវិធីសិក្សាដ៏ទូលំទូលាយ សម្រាប់កិច្ចការស្រាវជ្រាវលំដាប់ពិភពលោក និងការរួមចំណែកដល់ការច្នៃប្រឌិត និងសហគ្រាស។ វាក៏បានជាប់ចំណាត់ថ្នាក់ជាប់ៗគ្នា ក្នុងចំណោមសាកលវិទ្យាល័យកំពូលៗនៅអាស៊ី និងទូទាំងពិភពលោកផងដែរ។

លំដាប់ទី៧៖
សាកលវិទ្យាល័យ Chulalongkorn University ប្រទេសថៃ៖ សាកលវិទ្យាលល័យនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩១៧ ដោយជាប់ជាស្ថាប័នសិក្សាលេចធ្លោ មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង។ វាគឺជាគ្រឹះស្ថានឧត្តមសិក្សាចំណាស់ជាងគេបំផុតរបស់ប្រទេសថៃ។ សព្វថ្ងៃនេះ វាគឺជាសាកលវិទ្យាល័យដ៏ទូលំទូលាយមួយ ដែលមានមហាវិទ្យាល័យជាច្រើន ល្បីល្បាញសម្រាប់ឧត្តមភាពសិក្សា និងការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សជាច្រើនរបស់ប្រទេសថៃ។

លំដាប់ទី៨៖
សាកលវិទ្យាល័យភូមិន្ទភ្នំពេញរបស់ប្រទេសកម្ពុជា៖ សាកលវិទ្យាល័យមួយនេះ គឺជាសាកលវិទ្យាល័យសាធារណៈ ដែលមានវ័យចំណាស់ជាងគេ និងធំជាងគេរបស់កម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៦០។ វាដើរតួយ៉ាងសំខាន់ក្នុងទិដ្ឋភាពអប់រំរបស់ប្រទេសកម្ពុជា ខណៈ
សាកលវិទ្យាល័យមួយនេះ បែកចែកចេញជា មហាវិទ្យាល័យ វិទ្យាសាស្រ្ត
មហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ និងវិទ្យាស្ថានភាសាបរទេស IFL។ វាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រព័ន្ធអប់រំរបស់ប្រទេស ដោយផ្ដល់ជូននូវកម្មវិធីថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សាជាច្រើន។ ជាក់ស្តែង និស្សិតកម្ពុជាជាច្រើនបានទៅសិក្សា និងទទួលការអប់រំកម្រិតឧត្តមសិក្សានៅទីនោះ។

លំដាប់ទី៩៖
សាកលវិទ្យាល័យ Universiti Brunei Darussalam ប្រទេសប្រ៊ុយណេ៖ សាកលវិទ្យាល័យមួយនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៥ និងជាស្ថាប័នអប់រំថ្មី ប៉ុន្តែទទួលបានភាពល្បីល្បាញយ៉ាងឆាប់រហ័ស។ វាគឺជាសាកលវិទ្យាល័យដំបូងគេ និងឈានមុខគេក្នុងប្រទេសប្រ៊ុយណេ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សរបស់ប្រទេសប្រ៊ុយណេ និងរួមចំណែកដល់ការវឌ្ឍនភាពរបស់ប្រទេស។

លំដាប់ទី១០៖
សាកលវិទ្យាល័យ National University of Laos ប្រទេសឡាវ៖ សាកលវិទ្យាល័យមួយនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ និងជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់ឧត្តមសិក្សានៅប្រទេសឡាវ។ លើសពីនេះ វាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ឱកាសសិក្សាថ្នាក់ឧត្តមសិក្សា និងការស្រាវជ្រាវ ដោយរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសឡាវផងដែរ។

គួរបញ្ជាក់ថា សាកលវិទ្យាល័យដែលបានរៀបរាប់ខាងលើនេះ មិនត្រឹមតែតំណាងឱ្យមរតកអប់រំដ៏សម្បូរបែបនៃអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍក្នុងតំបន់ និងមុខមាត់ជាតិជាសកលផងដែរ៕



