បទយកការណ៍៖ ពលរដ្ឋដូរឥរិយាបថ នាំឱ្យមាត់ទន្លេ និងមុខវាំង សឹងតែលែងមានសំរាម
L
Linda Sorn
12 កុម្ភៈ 2025 07:30 AM

រាជធានីភ្នំពេញ៖ មាត់ទន្លេចតុម្មុខ និងសួនច្បារមុខព្រះបរមរាជវាំង ត្រូវបានចាត់ទុកជាកន្លែងទេសចរណ៍ធំមួយនៅរាជធានីភ្នំពេញ។ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ពេលធ្វើដំណើរចូលមកកាន់រាជធានីភ្នំពេញ ហាក់មិនដែលរំលង។ ប៉ុន្តែតំបន់ទេសចរណ៍នេះ ធ្លាប់ជួបបញ្ហាមួយអស់រយៈពេលយូរឆ្នាំមកហើយ នោះគឺសំរាម។ កន្លងមក គេតែងឃើញសំរាមរាយដេរដាសនៅតាមមាត់ទន្លេនេះ ជាពិសេសនៅតាមច្រាំងជាប់មាត់ទឹកតែម្ដង។ អ្នកខ្លះ ចង់មកលម្ហែអារម្មណ៍ពេលទំនេរ បែរជាត្រូវខូចអារម្មណ៍ទៅវិញដោយសារតែឃើញសំរាមច្រើននៅតាមច្រាំងមាត់ទន្លេ និងក្លិនមិនល្អដែលជះពីសំរាមទាំងនោះ។ ឥឡូវ មិនដូចពីមុន! តាមបណ្តោយច្រាំងមាត់ទន្លេចតុម្មុខប៉ែកខាងព្រះបរមរាជវាំង បានប្តូរពីទិដ្ឋភាពដែលធ្លាប់តែក្រឡេកទៅកន្លែងណាក៏ឃើញសំរាម មកជាទិដ្ឋភាពថ្មីដែលសឹងតែលែងមានសំរាម។ ការយល់ដឹង​ និងការប្តូរឥរិយាបថរបស់ពលរដ្ឋ ជាកត្តាធំដែលធ្វើឱ្យច្រាំងទន្លេចតុម្មុខប្រែមុខមាត់ថ្មីយ៉ាងនេះ។

អង្គុយសង្កេតមើលអស់រយៈពេលជាង២ម៉ោងនៅពេលថ្ងៃ សហការីនៃអង្គភាព SBM News ពុំឃើញពលរដ្ឋ ឬភ្ញៀវទេចរណាម្នាក់ចោលសំរាមនៅខាងក្រៅធុងសំរាមឡើយ។ ទោះបីមានភ្ញៀវទេសចរច្រើនក៏ដោយ នៅតាមបណ្តោយមាត់ទន្លេចតុម្មុខ ចាប់ពីម្តុំផ្សាររាត្រីមាត់ទន្លេ មកដល់សាលមហោស្រពចតុម្មុខ ជាពិសេសបរិវេណមុខបរមរាជវាំង ហាក់មិនមានថង់ប្លាស្ទិច ឬសំរាមច្រើនគួរឱ្យកត់សម្គាល់នោះទេ។ មួយវិញទៀត ក៏មិនឃើញមានភ្ញៀវទេសចរណាម្នាក់ទម្លាក់សំរាមចុះពីដៃ ប៉ុន្តែបែរជាឃើញមានលោកពូម្នាក់ឱនរើសសំរាមទៅវិញ

លោក​ លី ង៉ាន អ្នកលក់ចំណីព្រាបនៅមុខព្រះបរមរាជវាំង
លោក​ លី ង៉ាន អ្នកលក់ចំណីព្រាបនៅមុខព្រះបរមរាជវាំង

អ្នករើសសំរាមនោះ គឺលោក​ លី ង៉ាន អាយុ៥៨ឆ្នាំ ជាអ្នកលក់ចំណីព្រាបនៅមុខព្រះបរមរាជវាំងអស់ជាង២ឆ្នាំមកហើយ។ ដើរលក់ចំណីព្រាបបណ្តើរ អំពាវនាវហៅអ្នកទិញបណ្តើរ លោក​ លី ង៉ាន តែងតែរើសសំរាម ឬថង់ប្លាស្ទិចនៅពេលលោកប្រទះឃើញនៅតាមដងផ្លូវ និងក្បែរខឿនជាប់មាត់ទន្លេ។ លោកង៉ាន សង្កេតឃើញថា បរិវេណមុខព្រះបរមរាជវាំង និងច្រាំងទន្លេ នាពេលបច្ចុប្បន្ន មិនសូវមានសំរាមដូចកាលពីលោកទើបចាប់លក់កាលពី១ឆ្នាំទៅ២ឆ្នាំមុនទេ។

ពលរដ្ឋមានការយល់ដឹង ធ្វើឱ្យសំរាមថមថយ៖
លោក ង៉ាន មើលឃើញថា ពលរដ្ឋមួយចំនួនធំចាប់ផ្តើមមានការយល់ដឹងពាក់ព័ន្ធនឹងការទុកដាក់សំរាម ហើយក៏ចាប់ផ្តើមស្រឡាញ់បរិស្ថានដែរ។ លោកប្រៀបធៀបថា៖«២០២៣ ដូចសំរាមច្រើន ឥឡូវដូចមិនសូវមានសំរាមទេ។ ប្រជាជន យល់ដឹងច្រើន ថាបោះចោលសំរាមទៅខូចបរិស្ថាន»។ ដោយមានចិត្តស្រឡាញ់បរិស្ថាន ហើយយល់ឃើញថា សំរាមជាប្រភពដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព លោកង៉ាន តែងឆ្លៀតរើសសំរាម ពេលដើរលក់ចំណីព្រាប។ លោកនិយាយថា៖«អត់ហត់នឿយទេ ឱ្យតែមានកម្លាំងចេះតែរើស ឱ្យតែឃើញសំរាមរើស ឃើញថង់រើស រើសដាក់ធុងសំរាម [..] ដើម្បីបរិស្ថាន ដើម្បីសុខភាពទាំងអស់គ្នា»។

លោកយាយ ម៉ន អ៊ីន អាជីវករលក់ខ្ចៅខ្ចង និងចំណីព្រាប នៅលើសួនច្បារមុខព្រះបរមរាជវាំង
លោកយាយ ម៉ន អ៊ីន អាជីវករលក់ខ្ចៅខ្ចង និងចំណីព្រាប នៅលើសួនច្បារមុខព្រះបរមរាជវាំង

ហាក់មិនខុសគ្នា អាជីវករម្នាក់ទៀត កំពុងអង្គុយផ្ទាល់ដី លក់ខ្ចៅខ្ចង និងចំណីព្រាប នៅលើសួនច្បារមុខព្រះបរមរាជវាំងអស់រយៈពេលជាង៣៥ឆ្នាំ លោកយាយ ម៉ន អ៊ីន វ័យ៧០ឆ្នាំ ក៏យល់ឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសឆ្នាំ២០២៥តែម្ដង តាមបណ្តោយមាត់ទន្លេ ហាក់មានសណ្តាប់ធ្នាប់ និងមានភាពស្រស់ស្អាតខុសប្លែកពីប៉ុន្មានឆ្នាំមុន។ លោកយាយមានប្រសាសន៍ថា៖«ឆ្នាំមុនៗ បោះរាយប៉ាយពេញហ្នឹង ដល់ឥឡូវ គឺស្អាតហ្មង! ភ្ញៀវខ្លះ គាត់នៅបោះរាយប៉ាយ ហើយដល់យើងប្រាប់ទៅ ក្រោយមក ឃើញធុងសំរាម អត់ហ៊ាន[បោះចោលក្រៅធុង]ទេ។ [ពីមុន] ភ្លេចដាក់ក្នុងថង់យកមកចោល ឥឡូវយកមកចោលខ្លួនឯង»។ បន្ថែមពីនោះ លោកយាយ ក៏សង្កេតឃើញពលរដ្ឋខ្មែរ រួមទាំងភ្ញៀវទេសចរបរទេសខ្លះផង រើសសំរាមជាប្រចាំ រាល់ពេលពួកគេប្រទេះឃើញ។ 

កញ្ញា អូន វេទិកា និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
កញ្ញា អូន វេទិកា និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៣នាក់ បានមកកម្សាន្តនៅមុខព្រះបរមរាជវាំង ក្នុងថ្ងៃសម្រាកពីការសិក្សា។ ក្រោយបានដើរកម្សាន្តនៅបរិវេណព្រះបរមរាជវាំង ពួកគេ បានសម្ដែងការភ្ញាក់ផ្អើល ក្រោយឃើញសួនច្បារស្រស់ស្អាតអមជាមួយស្មៅខ្ចី ជាពិសេសនោះ គឺមិនមានសំរាម។ ក្នុងចំណោមពួកគេ និស្សិតវ័យ១៩ឆ្នាំ កញ្ញា អូន វេទិកានិយាយថា៖«ប្រជាជនយើងពេលដែលគាត់មកលេងអ៊ីចឹង គាត់មានសណ្តាប់ធ្នាប់ជាងមុន គាត់ចេះយកសំរាមទៅបោះចោលនៅធុងសំរាម»។ កញ្ញា ហាក់មិនឃើញភ្ញៀវទេសចរណាម្នាក់បោះសំរាមចោលក្រៅធុងនោះទេ។

លោក យ៉ង់ គឹមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាជន​ ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព   
លោក យ៉ង់ គឹមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាជន​ ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព   

លោក យ៉ង់ គឹមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាជន​ ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព សម្ដែងការត្រេកអរក្រោយឃើញពលរដ្ឋកម្ពុជា ចាប់ផ្តើមមានការយល់ដឹង ចេះស្រឡាញ់បរិស្ថាន និងថែរក្សាសណ្តាប់ធ្នាប់។ យ៉ាងណា ដើម្បី​បរិស្ថានកម្ពុជាទាំងមូល មានភាពស្រស់ស្អាត លោកចង់ឱ្យអាជ្ញាធរ ជាពិសេសរដ្ឋបាលរាជធានី-ខេត្ត ព្យាយាមបញ្ជ្រៀបការយល់ដឹងបន្ថែមទៅពលរដ្ឋ អនុវត្តច្បាប់ឱ្យបានតឹងរឹងជាពិសេសការផាកពិន័យទៅលើជនដែលចោលសំរាម។ មួយវិញទៀត លោកក៏ចង់ឱ្យពលរដ្ឋខ្លួនឯងផ្ទាល់ត្រូវតែចាប់ផ្តើមអនុវត្តខ្លួនឯង។   

ការចូលរួមពីអាជ្ញាធរ និងភ្នាក់ងារបោសសម្អាត៖
តាមបណ្តោយសួនច្បារ ពោលគឺចាប់ពីម្តុំផ្សាររាត្រី មកដល់មហោស្រពចតុម្មុខដដែល ធុងសំរាមត្រូវដាក់តម្រាបជាជួរតាមកន្លែងផ្សេងៗគ្នា មានសរុបប្រហែលជាង៣០ធុង។ ក្នុងមួយកន្លែងៗ ធុងសំរាមត្រូវបានដាក់បញ្ឈរជាជួរប្រមាណពី៣ទៅ៤ធុង ដោយដាក់ចន្លោះពីគ្នាជាង៥ម៉ែត្រទៅជាង១០ម៉ែត្រ។ ទេសចរជាតិ និងអន្តរជាតិ អាចងាយស្រួលក្នុងការយកសំរាមទៅចោល ហើយបុគ្គលិកអនាម័យក៏តែងតែចុះមកប្រមូលជាប្រចាំរាល់ពេលធុងសំរាមពេញផងដែរ។ កិច្ចការងារនេះ ត្រូវបានចាត់ទុកជាចំណែកមួយជួយធ្វើឱ្យរាជធានីភ្នំពេញ ជាពិសេសសួនច្បារមុខព្រះបរមរាជវាំងកាត់បន្ថយសំរាមបានច្រើន។

លោកយាយ ម៉ន អ៊ីន មានប្រសាសន៍ថា អ្នកទទួលបន្ទុកមើលការខុសត្រូវអនាម័យតាមសួនច្បារ ឬបុគ្គលិកប្រមូលសំរាម តែងតែបោសសំរាម ឬបោសស្លឹកឈើដែលជ្រុះនៅតាមដងផ្លូវ និងសួនច្បារជានិច្ច។ មួយវិញទៀត រដ្ឋបាលរាជធានីក៏តែងតែចុះប្រមូលសំរាម ចុះមកត្រួតពិនិត្យ និងណែនាំភ្ញៀវទេសចរ និងអាជីវករលក់ដូរដែរ។ លោកយាយលើកឡើងថា៖«[រឿងអនាម័យ] គេប្រចាំការជាប់រហូត មិនដូចមុនទេ មុនរញ៉េរញ៉ៃណាស់ ឥឡូវរថយន្តដឹកសំរាម មកយក១ថ្ងៃ២ដង»។ លោកយាយនិយាយដែរថា ក្រៅពីចុះមកប្រមូលសំរាម ខាងអាជ្ញាធរ ក៏បានរៀបចំដាក់ធុងសំរាមតាមសួនច្បារដូចគ្នា។

ចំណែក លោក ង៉ាន បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ នៅពេលដល់ម៉ោងកំណត់ ក្រុមហ៊ុនប្រមូលសំរាមតែងចុះមកប្រមូលជាប្រចាំ មិនដែលឱ្យពេញហៀរចេញមកក្រៅនោះទេ។ លោករៀបរាប់ថា៖«ល្អប្រសើរច្រើនជាងមុន គេរៀបចំបានល្អ ការរៀបចំ រៀងស្អាត ទីធ្លារៀងស្អាត-ល្អ មិនសូវមានសំរាម»។ មិនអស់ទាំងស្រុងឡើយ! សំរាមនៅតែមានមួយចំនួនតូច ភាគច្រើនគឺជាថង់ប្លាស្ទិច ដបទឹក និងកែវជ័រ។ ថ្វីបើលើសួនតាមបណ្តោយមាត់ទន្លេ និងច្រាំងទន្លេ រួមទាំងមុខព្រះបរមរាជវាំង កាត់បន្ថយសំរាមបានច្រើនក្ដី តែក្ដីបារម្ភមួយទៀតនោះ គឺពេលមានពិធីបុណ្យ ពិសេសពិធីបុណ្យធំៗ ដូចជា បុណ្យអុំទូក ជាដើម។ រាល់ដងឱ្យតែមានពិធីបុណ្យណាមួយ ទាំងតាមមាត់ទន្លេ ទាំងមុខព្រះបរមរាជវាំង តែងតែពោរពេញទៅដោយសំរាម។

ដូចបានបរិយាយខាងលើរួចមកហើយ! មាត់ទន្លេចតុម្មុខ និងមុខព្រះបរមរាជវាំង ជាកន្លែងដែលភ្ញៀវទេសចរកម្ររំលងណាស់។ ចំពោះភ្ញៀវទេសចរបរទេស បើពួកគេ មកឃើញសំរាមប៉ាតណាប៉ាតណីក្នុងពិធីបុណ្យ ឬក្រោយចប់ពិធីបុណ្យ ពួកគេនឹងវិនិច្ឆ័យជាអវិជ្ជមានចំពោះឥរិយាបថប្រជាពលរដ្ឋកម្ពុជា តែបើបរិស្ថាននៅស្អាតទោះមានពិធីបុណ្យ នោះគឺជាមុខមាត់របស់កម្ពុជា។ ដូច្នេះ ទាំងតាមបណ្តោយមាត់ទន្លេ ទាំងមុខព្រះបរមរាជវាំង គួរតែលែងមានសំរាមគ្រប់ពេល មិនថាថ្ងៃធម្មតា មិនថាថ្ងៃបុណ្យ។ ហើយបរិស្ថានក្នុងទីតាំងនេះ ឬនៅកន្លែងផ្សេងទៀត អាចស្អាតជាប់ជាប្រចាំដោយគ្មានសំរាមនោះ គឺអាស្រ័យលើការចូលរួមរបស់ពលរដ្ឋម្នាក់ៗ៕  


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត