ក្រុមហ៊ុនធំនៅហ្វ៊ីលីពីន ចង់វិនិយោគលើវិស័យកសិឧស្សាហ​កម្ម និងនាំចេញអង្ករកម្ពុជា
S
Soriya Sou
11 កុម្ភៈ 2025 12:00 PM

រាជធានីភ្នំពេញ៖ លោក ដៃ ជៀនឡាំង (Dai Jianlaing) ប្រធានក្រុមហ៊ុនដ៏ធំមួយនៅហ្វ៊ីលីពីនឈ្មោះ Excellent Associates Group Limited បានបង្ហាញចំណាប់អារម្មណ៍ចង់ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ក្នុងវិស័យមួយចំនួន ក្នុងនោះមានទាំងការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទៅកាន់ទីផ្សារសំខាន់ៗផងដែរ។ លោកបង្ហាញបំណងនេះ ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីល្ងាចថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសសម្ដេចបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល ប្រទេស​ហ្វ៊ីលីពីន ពីថ្ងៃទី១០ ដល់ថ្ងៃទី១១កុម្ភៈ...។

ជំនួបពិភាក្សារវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Dai Jianlaing ប្រធានក្រុមហ៊ុន Excellent Associates Group Limited
ជំនួបពិភាក្សារវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Dai Jianlaing ប្រធានក្រុមហ៊ុន Excellent Associates Group Limited

ក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុន បានជម្រាបជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពីប្រតិបត្តិការ និងវឌ្ឍនភាពរបស់ក្រុមហ៊ុន និងបានបង្ហាញពីចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា​ ដែលរួមមា​ន៖​ ការវិនិយោគសួនឧស្សាហកម្ម និងកសិ-ឧស្សាហ​កម្ម ព្រមទាំងការកែច្នៃ។ ​ដោយសារតែអង្ករកម្ពុជាមានគុណភាពខ្ពស់ និង ទទួលបានចំណាត់ថ្នាក់ល្អច្រើនឆ្នាំជាប់ៗគ្នា លោកក៏មានបំណងស្វែងរកឱកាស នាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារសំខាន់ៗមួយចំនួន ដូចជា៖ ហុងកុង ប្រទេសចិន និងទីផ្សារដទៃទៀតនាពេលអនាគត​ផងដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក Dai Jianlaing
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក Dai Jianlaing

ក្រុមហ៊ុន Excellent Associates Group ជាក្រុមហ៊ុនដែលធ្វើប្រតិបត្តិការពាណិជ្ជកម្ម លើវិស័យសំណង់ ឧស្សាហកម្មរ៉ែ ការផលិតដែក សំណ និងស័ង្កសី។ល។ ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនខាងលើ ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ពាក់ព័ន្ធនឹង​វិស័យកសិ-ឧស្សាហកម្ម​ សម្តេច បានលើកទឹកចិត្តឱ្យក្រុមហ៊ុនហ្វ៊ីលីពីនមួយនេះ ពិចារណាវិនិយោគលើទំនិញកសិ-ឧស្សាហកម្មមួយចំនួនបន្ថែមទៀត ដែលអាចចូលរួមបំពេញតម្រូវការក្នុងច្រវាក់ផលិតកម្មនៃវិស័យកសិកម្ម ក៏ដូចជាការផលិតជីបែបធម្មជាតិ និងជីគីមី ជាដើម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត