ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន១៩ភាគរយហើយ
S
Soriya Sou
09 កុម្ភៈ 2025 06:00 AM

រាជធានីភ្នំពេញ៖ ធ្មេចបើកៗ គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ប្រវែងសរុប១៦៥០ម៉ែត្រ សម្រេចបាន១៩ភាគរយហើយ។ នេះបើយោងតាមវឌ្ឍនភាពការងារគម្រោងដែលធ្វើបច្ចុប្បន្នភាពដោយលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៩កុម្ភៈ ឆ្នាំ២០២៥...។

លោក ផន រឹម បញ្ជាក់ថា គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន១៩ភាគរយហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ថ្ងៃទី១៩កុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ ដោយឡែក គិតពីរយៈពេលសាងសង់គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបាន១១ខែហើយ ស្មើនឹង២៦,១៩ភាគរយ នៃផែនការសាងសង់៤២ខែ ពោលមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលបានគ្រោងទុកទេ។ បើតាមអ្នកនាំពាក្យក្រសួងសាធារណការ បច្ចុប្បន្នការងារដែលសម្រេចបាន រួមមាន៖ ១.ផ្នែកគ្រឺះស្ពាន សម្រេចបានប្រមាណ៤៦,៦៦ភាគរយ ក្នុងនោះសសរគ្រឹះចំនួន១៥៦ដើម ចាក់បេតុងរួចចំនួន៦៩ដើម ២០ជើងតាង សម្រេចបានចំនួន៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន៨ធ្នឹម។ ២.រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១,៥ភាគរយ រួមមាន៖ តួសរសរស្ពាន១២ សម្រេចបានចំនួន៦សរសរ សរសរស្ពាន៥២ សម្រេចបាន១៦ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ ជាមួយគ្នា នៅដើមឆ្នាំ២០២៥នេះ ក្រុមការងារជំនាញកំពុងរៀបចំដំណើរការខួង និងចាក់សសរគ្រឹះ នៅត្រើយខាងលិចទន្លេ។

គួររឭកថា ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា មានប្រវែងសរុប១៦៥០ម៉ែត្រ (ប្រវែងស្ពាន៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ២៧ម៉ែត្រ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន ក្រោមទុនវិនិយោគប្រមាណ៦០លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ ក្រោយពេលសាងសង់រួច ស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ, ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ, កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត