
ភ្នំពេញ៖ នារាត្រីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានចូលរួមជាគណៈអធិបតីក្នុងពិធីបំពាក់មកុដជាផ្លូវការដល់កញ្ញា សុខគា គឹមលាង ឬហៅ កូនអាន (Kon Ant) ដែលត្រូវបានជ្រើសរើសជាបវរកញ្ញា Miss International Cambodia 2026 រៀបចំឡើងដោយក្រុមហ៊ុន CSNJ Jewellery ដើម្បីធ្វើជាតំណាងរបស់ព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមការប្រកួត Miss International នៅប្រទេសជប៉ុន។

ក្នុងឱកាសនោះ លោកស្រី ម៉ៅ ចំណាន បានអបអរសាទរចំពោះកញ្ញា សុខគា គឹមលាង ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព និងបង្ហាញពីទេពកោសល្យ ភាពជឿជាក់ និងគុណតម្លៃដ៏ល្អប្រពៃ រហូតក្លាយជាតំណាងប្រទេសកម្ពុជា។ ប្រធានសមាគមសិល្បករខ្មែរ សង្កត់ធ្ងន់ថា ការបំពាក់មកុដនេះ មិនមែនគ្រាន់តែជាការប្រគល់តួនាទី ឬកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែជាការប្រគល់ការទទួលខុសត្រូវដ៏ធំធេង នៅលើឆាកអន្តរជាតិ។

លោកស្រី បន្ថែមថា ក្នុងយុគសម័យសាកលភាវូបនីយកម្ម បវរកញ្ញាមិនត្រឹមតែមានសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានចំណេះដឹង បុគ្គលិកលក្ខណៈល្អ សមត្ថភាពក្នុងការទំនាក់ទំនង ស្មារតីសង្គម និងសមត្ថភាពក្នុងការបំផុសគំនិតវិជ្ជមានដល់យុវជន និងសង្គមទាំងមូល។ លោកស្រី ជឿជាក់ថា កញ្ញា សុខគា គឹមលាង នឹងអាចបំពេញតួនាទីនេះបានយ៉ាងល្អ និងនាំយកភាពថ្លៃថ្នូររបស់កម្ពុជាទៅកាន់ពិភពលោក។

ប្រធានសមាគមសិល្បករខ្មែរ វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះគណៈកម្មការរៀបចំកម្មវិធី ក្រុមការងារ ដៃគូសហការ ម្ចាស់ឧបត្ថម្ភ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំ និងធ្វើឱ្យកម្មវិធីនេះមានគុណភាព ប្រកបដោយវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ដល់វិស័យសិល្បៈវប្បធម៌ផ្នែកបវរកញ្ញាឱ្យកាន់តែមានសក្តានុពល និងទទួលបានការទទួលស្គាល់នៅលើឆាកអន្តរជាតិ។ បន្ថែមពីនេះ លោកស្រី លើកទឹកចិត្តដល់កញ្ញា សុខគា គឹមលាង ឱ្យរក្សាភាពជឿជាក់លើជំហររបស់ខ្លួន សេចក្ដីថ្លៃថ្នូរ និងភាពជាខ្មែរ ដោយបង្ហាញវប្បធម៌ អរិយធម៌ និងអត្តសញ្ញាណជាតិ ក្នុងនាមជាប្រជាជនខ្មែរនៅគ្រប់លើវេទិកាដែលកញ្ញានឹងឈានទៅដល់។

លោក ចិន សំណាង អគ្គនាយកហាងពេជ្រ CSNJ លើកឡើងថា លោកបានទិញអាជ្ញាបណ្ណ Miss International Cambodia 2026 ដោយផ្ទាល់ និងបានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថ្មី ដើម្បីជំរុញវិស័យនេះឱ្យមានស្តង់ដា និងមានឱកាសឈ្នះខ្ពស់ ព្រោះលោកមានក្តីស្រឡាញ់ និងប្តេជ្ញាចិត្តខ្ពស់ចំពោះវិស័យបវរកញ្ញា។ លោក បាននាំយកគ្រូបង្វឹកមកពីបរទេសឥណ្ឌា២នាក់ និងហ្វីលីពីន ៥នាក់ ដើម្បីជួយបង្ហាត់បង្រៀនបន្ថែមដល់កញ្ញា សុខគា គឹមលាង។

ជាមួយគ្នា លោក មានគម្រោងជ្រើសរើស និងត្រៀមបេក្ខជនដែលមានសមត្ថភាព និងការតស៊ូទុកជាមុនឱ្យបាន១ទៅ២ឆ្នាំ សម្រាប់ការប្រកួតនៅឆ្នាំក្រោយៗទៀត។ គួរបញ្ជាក់ថា កញ្ញា សុខគា គឹមលាង (Kon Ant) ក្នុងនាមជាបវរកញ្ញា Miss International Cambodia 2026 នឹងធ្វើជាតំណាងកម្ពុជា ទៅចូលរួមប្រកួតបវរកញ្ញា Miss International នៅប្រទេសជប៉ុន ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦នេះ៕

















