រយៈពេលជិត៦ខែគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់«ចាក់អង្រែក្រោម-ព្រែកប្រា»សម្រេចបានជាង១២ភាគរយ
អុន សម្ផស្ស
20 សីហា 2024 03:30 AM

រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីល្ងាចថ្ងៃទី១៩សីហា បានបង្ហាញពីវឌ្ឍនភាពគម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់«ចាក់អង្រែក្រោម-ព្រែកប្រា» ថាសម្រេចបាន១២,៣៦ភាគរយ ហើយគិតត្រឹមសប្តាហ៍ទី៣នៃខែសីហា ឆ្នាំ២០២៤..។

ក្រសួងបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥សីហា គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» បច្ចុប្បន្នការងារសសរគ្រឹះចំនួន៣៦ដើមបានចាក់បេតុងរួច ក្នុងចំណោម១៥៦ដើម និងចាក់ជើងតាងបាន៦ក្នុងចំណោម២០ជើងតាង។ ចំណែកឯការងារហេដ្ឋារចនាសម្ព័ន្ធផ្នែកក្រោមចាក់សរសរភ្លោះបាន៤ ក្នុងចំណោម១២សសរ ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ ស្ពាន «ចាក់អង្រែក្រោម-ព្រែកប្រា» មានតម្លៃ៦០លានដុល្លារ ត្រូវសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៧។

គម្រោងសាងសង់ស្ពាននេះ មានប្រវែងសរុប ១៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ២៧ម៉ែត្រ) សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។ ក្រោយការសាងសង់ស្ពាននេះ រាជរដ្ឋាភិបាលរំពឹងថា​នឹងជួយកាត់​បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស ដែលឆ្លងទៅខណ្ឌច្បារអំពៅ​ព្រមទាំងពង្រឹង​ទំនាក់ទំនងសេដ្ឋកិច្ច រវាងរាជធានីភ្នំពេញ​ ប៉ែកខាងត្បូងព្រលានយន្តហោះអន្តរជាតិ​តេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើង​ដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត