ចាយពេលសាងសង់៣ខែមកនេះ ស្ពាន«ចាក់អង្រែក្រោម-ព្រែកប្រា»សម្រេចបានជាង១០ភាគរយ
អុន សម្ផស្ស
2 ឆ្នាំមុន

រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បញ្ជាក់ថា គិតត្រឹមបំណាច់ខែឧសភា គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ១១,៦៣ភាគរយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០២៤។

ក្រសួងបញ្ជាក់បន្ថែមថា បច្ចុប្បន្នសសរគ្រឹះចំនួន ៣៦ដើមបានចាក់បេតុងរួច ក្នុងចំណោមសរសរគ្រឹះ ចំនួន១៥៦ដើម និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ដែលបច្ចុប្បន្នសម្រេចបាន ៦ក្នុងចំណោម២០ជើងតាង។ ក្រសួងបន្ថែមថា សប្តាហ៍កន្លងមក ក្នុងដំណើរចុះពិនិត្យគម្រោង របស់ប្រតិភូផ្នែកហិរញ្ញប្បទានសម្បទាន នៃធនាគារអាហរ័ណ នីហរ័ណចិន បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោង ដែលម្ចាស់គម្រោងគោរពអនុវត្តបានតាមបទដ្ឋាន និងគោលការណ៍ពីធនាគាររ ជាពិសេសលើផលប៉ះពាល់បរិស្ថាន និងសង្គម។ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» មានប្រវែងសរុប ,៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ) សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។

គួររំឭកថា កម្ពុជា និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់ស្ពានទន្លេបាសាក់នេះ អំឡុងទស្សនកិច្ចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅប្រទេសចិន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ក្រោយមកគម្រោងក៏ត្រូវសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ ស្ពានតម្លៃ៦០លានដុល្លារនេះរំពឹងថា ​នឹងជួយកាត់​បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស ដែលឆ្លងទៅខណ្ឌច្បារអំពៅ ​ព្រមទាំងពង្រឹង​ទំនាក់ទំនងសេដ្ឋកិច្ច រវាងរាជធានីភ្នំពេញ​ប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិ​តេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើង​ដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត