
រាជធានីភ្នំពេញ៖ ក្រោយប្រកាសដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើង តាមបណ្តោយព្រះបរមរាជវាំង អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអះអាងថា ជំហានបន្ត ផ្លូវនេះនឹងមានការដាក់ឱ្យសម្ដែងសៀក, រាំរបាំ, និងលេងចាប៉ី ជាដើម។

លោក ឃួង ស្រេង លើកឡើងដូច្នេះក្នុងអង្គប្រជុំដកបទពិសោធផ្លូវថ្មើរជើង (Walk street) នារសៀលថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០២៥។ លោកថ្លែងថា ក្រោយពីបើកសាល្បងផ្លូវថ្មើរជើងរយៈពេល២ថ្ងៃ ដែលត្រូវនឹងថ្ងៃសៅរ៍ទី១ និងថ្ងៃអាទិត្យទី២ ខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរបានសង្កេតឃើញថា មានអ្នកគាំទ្រ និងចូលទៅដើរលេងកម្សាន្តច្រើន។ ដើម្បីឱ្យផ្លូវថ្មើរជើងនេះ ទាក់ទាញបានភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន លោកបានដាក់ផែនការថា៖«បន្តមកទៀត រៀបចំឱ្យការប្រគំតន្ត្រីសម័យបុរាណ ដូចជា របាំគោះត្រឡោក និង ចាប៉ីដងវែង។ រៀបចំកន្លែងគូរគំនូរ កន្លែងអានសៀវភៅ ឬបណ្ណាល័យចល័ត កន្លែងវត្ថុអនុស្សាវរីយ៍ កន្លែងលេងសៀករហស្សកម្មជាដើម»។

គួរបញ្ជាក់ថា ផ្លូវថ្មើរជើងនេះ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង។ ពលរដ្ឋអាចធ្វើដំណើរបាននូវរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់។ ជារៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ យានយន្តគ្រប់ប្រភេទ មិនត្រូវបានអនុញ្ញាតឱ្យធ្វើចរាចរណ៍លើផ្លូវថ្មើរជើងនេះឡើយ ពោលគឺសម្រាប់តែដើរកម្សាន្តប៉ុណ្ណោះ។ ក្រៅពីថ្ងៃសៅរ៍-អាទិត្យ ផ្លូវនេះ នឹងបើកឱ្យយានយន្តធ្វើចរាចរណ៍ជាធម្មតា៕



