
រាជធានីភ្នំពេញ៖ លោក ចុង សុវណ្ណនី ជាលោកឪពុកបង្កើតរបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ចប់មុខតំណែងពីរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តាមរយៈព្រះរាជក្រឹត្យ ដែលចេញកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីមានការក្រាបបង្គំថ្វាយសុំពីប្រមុខរាជរដ្ឋាភិបាល។ ផ្អែកតាមព្រះរាជក្រឹត្យ លោក ចុង សុវណ្ណនី ជាអ្នកស្ម័គ្រចិត្តស្នើសុំឱ្យបញ្ចប់មុខតំណែងនេះខ្លួនឯង។

មុនទៅធ្វើជារដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ចុង សុវណ្ណនី ធ្លាប់ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាអង្គភាពមួយក្នុងក្រសួងមហាផ្ទៃ។ ជាអគ្គនាយករងអន្តោប្រវេសន៍ លោកមានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក (ពាក់ផ្កាយ៣)។ ចំពោះកូនប្រុសបង្កើតរបស់លោកវិញ គឺលោក ហេង សិទ្ធី ដែលធ្លាប់មានគោរមងារជាអ្នកឧកញ៉ា ត្រូវបានកងកម្លាំងរុស្ស៊ីចាប់ខ្លួន កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៥។ ការចាប់ខ្លួនអតីតអ្នកឧកញ៉ារូបនេះ កើតឡើងបន្ទាប់ពីក្រសួងមហាផ្ទៃលុបលិខិតឆ្លងដែន ឬប៉ាស្ពររបស់លោកលែងឱ្យប្រើការកើត។ ម្យ៉ាងទៀត លោកក៏ត្រូវតុលាការភ្នំពេញចេញដីកាតាមចាប់ខ្លួនផងដែរ។

គេគ្រាន់តែដឹងព័ត៌មានថា ភាគីកម្ពុជា និងភាគីរុស្ស៊ី សហការគ្នាដើម្បីបញ្ជូនលោក ហេង សិទ្ធី មកកម្ពុជាវិញ បន្ទាប់ពីលោកត្រូវចាប់ខ្លួន ក៏ប៉ុន្តែចាប់តាំងពីពេលនោះមក គេមិនទាន់ដឹងព័ត៌មានបន្តនោះទេថា លោកត្រូវបានបញ្ជូនមកដល់កម្ពុជាហើយនៅ ហើយមកដល់ពេលណា។ អង្គភាព SBM News បានហៅទូរសព្ទទៅលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងលោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការភ្នំពេញ ដើម្បីសួរព័ត៌មានចុងក្រោយពីលោក ហេង សិទ្ធី ប៉ុន្តែលោកទាំង២មិនលើកទូរសព្ទ។

កាលពីលោក ហេង សិទ្ធិ ទើបត្រូវចាប់ខ្លួន លោក អ៊ី រិន្ទ ធ្លាប់ប្រាប់ SBM News ថា ពេលអតីតអ្នកឧកញ៉ារូបនេះ ត្រូវបានបញ្ជូនមកដល់កម្ពុជា តុលាការនឹងពិនិត្យនីតិវិធីដែលត្រូវអនុវត្ត។ នៅចុងឆ្នាំ២០២៤ តុលាការភ្នំពេញ បានចោទលោកពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស។ នៅចុងឆ្នាំ២០២៤ដដែល លោកត្រូវបានបញ្ចប់គោរមងារជាអ្នកឧកញ៉ា តាមរយៈព្រះរាជក្រឹត្យ ដែលចេញតាមការក្រាបបង្គំថ្វាយសុំពីប្រមុខរាជរដ្ឋាភិបាល។

គេកត់សម្គាល់ឃើញថា ចាប់តាំងពីចុងឆ្នាំ២០២៤មក លោក ហេង សិទ្ធី បានបង្ហោះលើបណ្តាញសង្គមនូវរឿងអាស្រូវរបស់អ្នកមានអំណាច អ្នកមានលុយ មន្រ្តីកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជាពីម្នាក់ទៅម្នាក់ជាហូរហែ ប៉ុន្តែរឿងអាស្រូវទាំងនោះ ពិត ឬយ៉ាងណានោះ គេមិនដឹងច្បាស់ឡើយ។ អ្វីដែលអតីតឧកញ៉ារូបនេះទម្លាយ មានដូចជា រឿងពុករលួយ និងរឿងបើកដៃឱ្យមានល្បែងស៊ីសង ជាដើម។

រាល់អ្នកដែលត្រូវលោក ហេង សិទ្ធី ចោទប្រកាន់ បានចេញមកបដិសេធព្រមៗគ្នា និងអះអាងថា ការចោទប្រកាន់របស់លោក គឺខុសការពិត។ ទំនងដោយសារការទម្លាយរឿងទាំងនេះហើយ ទើបលោកត្រូវតុលាការភ្នំពេញ ចោទប្រកាន់ពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស និងចេញដីកាតាមចាប់ខ្លួន។ លោក ក៏ធ្លាប់ប្តឹងអ្នកមានលុយ និងមន្រ្តីជាន់ខ្ពស់មួយចំនួន ទៅអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។ ប៉ុន្តែ ទីបំផុត លោកខ្លួនឯង ដែលត្រូវរងចំណាត់ការ៕

អត្ថបទទាក់ទង៖


