អ្នកនាំពាក្យអះអាងថា តុលាការ នឹងអនុវត្តនីតិវិធីច្បាប់លើអតីតអ្នកឧកញ៉ា ហេង សិទ្ធី ពេលបញ្ជូនពីរុស្ស៊ីមកដល់ខ្មែរវិញ
Mao Sopha
15 មករា 2025 04:15 AM

រាជធានីភ្នំពេញ៖ ពេលអតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនពីរុស្ស៊ីមកដល់ស្រុកខ្មែរវិញ ស្ថាប័នដែលលោកត្រូវប្រឈមនោះ គឺតុលាការ ពីព្រោះថា លោក គឺជាបុគ្គលដែលតុលាការចេញដីកាតាមចាប់ខ្លួន។ លោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញ មិនទាន់ផ្តល់ព័ត៌មានផ្លូវការនោះទេថា តុលាការនឹងមានចំណាត់ការដូចម្តេចលើលោក ហេង សិទ្ធី ដោយលោកប្រាប់ឱ្យរង់ចាំពេលអតីតឧកញ៉ារូបនេះ ត្រូវបានបញ្ជូនមកដល់កម្ពុជាសិន។

លោក ហេង សិទ្ធី ស្ថិតលើយន្តហោះកន្លងមក
លោក ហេង សិទ្ធី ស្ថិតលើយន្តហោះកន្លងមក

ទោះយ៉ាងណា លោក អ៊ី រិន្ទ និយាយតាមគោលការណ៍ច្បាប់ថា តុលាការនឹងពិនិត្យមើលនីតិវិធីច្បាប់ (ដែលត្រូវអនុវត្តលើលោក ហេង សិទ្ធី ពេលលោកត្រូវបានបញ្ជូនមកដល់កម្ពុជា)។ ក្នុងកិច្ចសម្ភាសជាមួយអង្គភាព SBM News តាមទូរសព្ទ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញ លើកឡើងដូច្នេះថា៖«ចាំពេលមកដល់សិន ចាំគិតទៀត»

លោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការភ្នំពេញ 
លោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការភ្នំពេញ 

នៅថ្ងៃទី១៤មករា សារព័ត៌មាននានាចុះផ្សាយថា លោក ហេង សិទ្ធី ត្រូវបានកងកម្លាំងរុស្ស៊ី ឃាត់ខ្លួននៅព្រំដែនរុស្ស៊ី ហើយនឹងត្រូវបញ្ជូនមកកម្ពុជាវិញ។ SBM News ព្យាយាមហៅទូរសព្ទទៅសួរ លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ជុំវិញរឿងនេះ តែលោកមិនទទួលការហៅចូល។ SBM News ថែមទាំងផ្ញើសារទៅសួរ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស តាមតេឡេក្រាម តែលោកពុំទាន់ឆ្លើយតប ដោយគ្រាន់តែបានចូលមើលសារប៉ុណ្ណោះ។  

រូបប៉ូលិសកម្ពុជា ថតដោយលោក Heng Sinith ទីភ្នាក់ងារសារព័ត៌មាន AP
រូបប៉ូលិសកម្ពុជា ថតដោយលោក Heng Sinith ទីភ្នាក់ងារសារព័ត៌មាន AP

អតីតឧកញ៉ា ហេង សិទ្ធី ដែលគេចខ្លួនទៅក្រៅប្រទេស ត្រូវបានតុលាការរាជធានីភ្នំពេញ ចេញដីកាតាមចាប់ខ្លួន តាំងពីចុងឆ្នាំ២០២៤មក ពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស។ នៅចុងឆ្នាំ២០២៤ដដែល ក្រសួងមហាផ្ទៃ បានធ្វើមោឃភាពលើលិខិតឆ្លងដែន (ប៉ាស្ពរ) ឬលុបសុពលភាពលិខិតឆ្លងដែនរបស់លោក លែងឱ្យប្រើការបាន សម្រាប់ការឆ្លងដែន។ ក្រោយមក គឺនៅថ្ងៃទី៨មករា ឆ្នាំ២០២៥ ក្រសួងការបរទេស បានសរសេរលិខិតប្រាប់ទៅស្ថានទូតកម្ពុជាប្រចាំនៅបណ្តាប្រទេសនានា អំពីការធ្វើមោឃភាពលើលិខិតឆ្លងដែនរបស់លោក ហេង សិទ្ធី និងការចេញដីកាតាមចាប់អតីតឧកញ៉ារូបនេះ។ រហូតដល់ថ្ងៃ១៤មករា ឆ្នាំ២០២៥ គេក៏ឮដំណឹងពីការចាប់ខ្លួនលោកនៅព្រំដែនប្រទេសរុស្ស៊ី។

តុលាការរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ស្ថិតក្នុងអគារសាលាយុត្តិធម្មតែមួយ
តុលាការរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ស្ថិតក្នុងអគារសាលាយុត្តិធម្មតែមួយ

ចាប់តាំងពីចុងឆ្នាំ២០២៤មក រហូតដល់ដើមឆ្នាំ២០២៥នេះ លោក ហេង សិទ្ធី បានទម្លាយរឿងអាស្រូវរបស់មេដឹកនាំកងកម្លាំងប្រដាប់អាវុធ អ្នកនយោបាយ និងមន្រ្តីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ (ប៉ុន្តែករណីទាំងអស់នោះមិនទាន់ដឹងថាពិត ឬយ៉ាងណាទេ..?) ដោយបូករួមទាំងរឿងអាស្រូវរបស់អ្នកមានលុយជាច្រើនរូបទៀត។ អ្វីដែលអតីតឧកញ៉ារូបនេះទម្លាយ មានដូចជា រឿងពុករលួយជាដើម។ ទំនងដោយសារការទម្លាយរឿងទាំងនេះហើយ ទើបលោកត្រូវតុលាការ ចោទប្រកាន់ពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស និងចេញដីកាតាមចាប់ខ្លួន។ រាល់អ្នកដែលត្រូវលោក ហេង សិទ្ធី ចោទប្រកាន់ បានចេញមកបដិសេធព្រមៗគ្នា និងអះអាងថា ការចោទប្រកាន់របស់លោក គឺខុសការពិត៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត