ជំទាវទី១នៃកម្ពុជា អំពាវនាវសាធារណជនចូលរួមទស្សនា «ពិពណ៌ហូលពិតាន» នៅសារមន្ទីរជាតិ
អុន សម្ផស្ស
24 មីនា 2024 03:33 AM

រាជធានីភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញចូលទស្សនា ពិពណ៌មិនអចិន្ត្រៃយ៍ ស្តីពី «ហូលពិតាន ការវិវឌ្ឍ និងបញ្ហាប្រឈម» នៅសារមន្ទីរជាតិ។ ទន្ទឹមគ្នានោះលោកជំទាវបណ្ឌិត បានអំពាវនាវដល់សាធារណជន ចូលរួមទស្សនាការតាំងពិពណ៌ហូលពិតាននេះ ដើម្បីរួមគ្នាជួយថែរក្សាប្រពៃណី និងវប្បធម៌ខ្មែរ។ នេះបើតាម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យដឹងនាយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ តាមរយៈផេកផ្លូវការក្រសួង។

ក្រសួងបញ្ជាក់ថា៖«ភ្ជាប់ដោយរូបភាពអញ្ជើញទស្សនា និងពិនិត្យហូលពិតាន បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវសាធារណជន ចូលរួមទស្សនាការតាំងពិពណ៌ហូលពិតាននៅសារមន្ទីរជាតិ និងបានគូសបញ្ជាក់ក្នុងន័យដើមថា [យើងរួមគ្នាជួយថែរក្សាប្រពៃណី និងវប្បធម៌ខ្មែរយើង ]»។ ពិពណ៌មិនអចិន្ត្រៃយ៍ខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកព័ត៌មានបន្ថែមស្ដីពីសមុច្ច័យតម្បាញហូលពិតានេះ របស់សារមន្ទីរជាតិ និងផ្តល់សារជូនសាធារណជន អំពីការព្រួយបារម្ភរបស់សិប្បករតម្បាញលើហានិភ័យនៃការបាត់បង់ការផលិតហូលពិតានតាមបែបប្រពៃណីខ្មែរ និងក៏បង្ហាញពីបរិបទនៃការផ្លាស់ប្ដូរក្នុងសង្គមខ្មែរលើតម្រូវការហូលពិតាន ព្រមទាំងចរន្តនៃការផលិតហូលពិតានប្រើប្រាស់នានាពេលបច្ចុប្បន្ន។ «ហូលពិតាន» គឺជាហូលមានលក្ខណៈពិសេសជាងហូលដទៃទៀត ក៏ព្រោះតែអ្នកតម្បាញ បានត្បាញរំលេចជាខ្សែរឿងព្រះពុទ្ធសាសនា ដោយមានគោមក្បាច់លម្អពិសេសៗ។

សូមជម្រាបថា កម្មវិធីពិពណ៌មិនអចិន្ត្រៃយ៍ស្តីពី​ «ហូលពិតាន៖ ការវិវឌ្ឍ និងបញ្ហាប្រឈម» ត្រូវសម្ពោធជាផ្លូវការក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ខណៈការតាំងបង្ហាញហូលពិតានលើកទី៤នេះ នឹងធ្វើឡើងរយៈពេល៣ខែដោយគិតចាប់ពីថ្ងៃទី២១មីនា រហូតដល់ថ្ងៃទី២១មិថុនា ឆ្នាំ២០២៤ ហើយអនុញ្ញាតឱ្យសាធារណជនចូលរួមទស្សនាស្វែងយល់ដោយសេរី ក្នុងបរិវេណសារមន្ទីរជាតិកម្ពុជា។ គួររំឭកថា ពិពណ៌ហូលពិតានត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកទី១ នៅក្នុងឆ្នាំ២០១០ លើកទី២ ក្នុងឆ្នាំ២០១២ លើកទី៣ ក្នុងឆ្នាំ២០១៦ និងលើកទី៤ ក្នុងឆ្នាំ២០២៤នេះ។ ការដាក់តាំងបង្ហាញហូតពិតានខ្មែរនេះកាលពីឆ្នាំមុនៗ កន្លងទៅគេសង្កេតឃើញមានការចាប់អារម្មណ៍ជាខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត