
រាជធានីភ្នំពេញ៖ កម្មវិធីពិពណ៌មិនអចិន្ត្រៃយ៍ស្តីពី «ហូលពិតាន៖ ការវិវឌ្ឍ និងបញ្ហាប្រឈម» ត្រូវសម្ពោធជាផ្លូវការក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ខណៈការតាំងបង្ហាញហូលពិតានលើកទី៤នេះ អនុញ្ញាឱ្យសាធារណជនចូលរួមទស្សនាស្វែងយល់ដោយសេរី ក្នុងបរិវេណសារមន្ទីរជាតិកម្ពុជា...។

បើតាមការបញ្ជាក់របស់សួងវប្បធម៌ និងវិចិត្រសិល្បៈ៖«ក្នុងពិពណ៌លើកនេះ ក្រុមការងារនៃនាយកដ្ឋានសារមន្ទីរបានជ្រើសរើសហូលពិតានចំនួន១៧វត្ថុ មកតាំងបង្ហាញ។ ការតាំងបង្ហាញចាប់ផ្តើមពីថ្ងៃទី២១ ខែមីនា ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤»។ «ហូលពិតាន» ជាហូលដែលមានលក្ខណៈពិសេសជាងហូលដទៃទៀត ព្រោះអ្នកតម្បាញត្បាញជាខ្សែរឿងអំពីព្រះពុទ្ធសាសនា និងជាគោមក្បាច់លម្អពិសេសៗ។ ពិពណ៌នេះ មានគោលបំណង ចែករំលែកព័ត៌មានបន្ថែមពីសមុច្ច័យតម្បាញហូលពិតានរបស់សារមន្ទីរ ផ្តល់សារនៃការព្រួយបារម្ភរបស់សិប្បករតម្បាញ លើហានិភ័យនៃការបាត់បង់ការផលិតហូលពិតានតាមបែបប្រពៃណីខ្មែរ បង្ហាញពីបរិបទនៃការផ្លាស់ប្ដូរក្នុងសង្គមខ្មែរលើតម្រូវការហូលពិតាន និងចរន្តនៃការផលិតហូលពិតាន ដើម្បីប្រើប្រាស់នាពេលបច្ចុប្បន្ន។ បន្ថែមពីនេះ ទៀត ពិពណ៌នេះ ធ្វើឡើងក៏ដើម្បីចូលរួមអបអរសាទរខួបលើកទី១០៤ឆ្នាំ នៃការបង្កើតសារមន្ទីរជាតិកម្ពុជា។

ទន្ទឹមនឹងនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិងកំពុងបណ្តុះបណ្តាលជំនាញដូនតាជំហានទី១ ដល់យុវជចំនួន៣០០នាក់ នៅតាមបណ្តារាជធានីខេត្តទាំង៨ ជាមួយនឹង១២ជំនាញ ដោយរាប់បញ្ចូលទាំងតម្បាញសូត្រផងដែរ។ បន្ថែមពីនេះ ក្រសួងក៏បានរៀបចំផ្តល់គោរមងារជាអាទិ៍ជូនលោកយាយ ម៉ក់ ជាង ជាទេពសោភ័ណ ម៉ក់ ជាង ទៅលើផ្នែកតម្បាញហូលជាដើម។ ក្រសួងវប្បធម៌ ដែលមាននាយកដ្ឋានសារមន្ទីរជាសេនាធិការ ក៏បានធ្វើការអំពាវនាវដល់សប្បុរសជនជាតិ និងអន្តរជាតិ ក្នុងការជួយបន្តឧបត្ថម្ភសមុច្ច័យអំពីសូត្រមកកាន់សារមន្ទីរបន្ថែមទៀតផងដែរ។ គួររំឭកថា ពិពណ៌ហូលពិតានត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកទី១ នៅក្នុងឆ្នាំ២០១០ លើកទី២ ក្នុងឆ្នាំ២០១២ លើកទី៣ ក្នុងឆ្នាំ២០១៦ និងលើកទី៤ ក្នុងឆ្នាំ២០២៤នេះ។ ការដាក់តាំងបង្ហាញហូតពិតានខ្មែរនេះកាលពីឆ្នាំមុនៗ កន្លងទៅគេសង្កេតឃើញមានការចាប់អារម្មណ៍ជាខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ...៕




