ឈើប្រណិតដួងចែម២,៣២៨ម៉ែត្រគូបដឹកតាមទូក ត្រូវបានអាជ្ញាធរខេត្តក្រចេះស្ទាក់ចាប់បង្ក្រាប
អាន ប៊ុនរ័ត្ននៈ
05 កុម្ភៈ 2025 07:13 AM

ក្រុងក្រចេះ៖ សមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះ បានចុះប្រតិបត្តិការស្ទាក់ចាប់ទូកដឹកឈើប្រណិតតាមបណ្តោយដងទន្លេមេគង្គលើ ស្ថិតក្នុងភូមិសាស្ត្រឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ដើម្បីយកទៅប្រគល់ជូនមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ កាលពីថ្ងៃទី៤កុម្ភៈ ឆ្នាំ២០២៥...។

យោងតាមការឱ្យដឹងពីមន្ត្រីសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ គូសបញ្ជាក់ថា ទូកដឹកឈើរបស់ក្រុមឈ្មួញជួញឈើប្រណិតចំនួន២គ្រឿង ត្រូវបានកងកម្លាំងប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះ ចុះបង្ក្រាបសកម្មភាពដឹកជញ្ជូនបទល្មើសធនធានធម្មជាតិតាមផ្លូវទឹកនៅដងទន្លេមេគង្គ ដោយបង្ក្រាបបានឈើប្រណិតប្រភេទដួងចែមចំនួន២ទូក(ផ្ទុកពេញ) ស្មើនឹង៧៧សន្លឹក សរុបចំនួន២,៣២៨ម៉ែត្រគូប នៅចំណុចមូលដ្ឋានខាងលើ ដើម្បីនាំយកទៅរក្សាទុកនៅមូលដ្ឋានរបស់អង្គភាព ធ្វើកំណត់ហេតុបន្តនីតិវិធីច្បាប់ និងបានដឹកជញ្ជូនឈើប្រណិតទាំងនោះបន្តទៅរក្សាទុកនៅស្ថានីយបណ្តុះកូនឈើខ្សារ ដែលជាស្ថាប័នជំនាញជាអ្នកគ្រប់គ្រងវត្ថុតាង។

មន្ត្រីជំនាញឱ្យដឹងបន្តថា ក្រៅពីឈើប្រណិតដួងចែមទាំង៧៧សន្លឹក អាជ្ញាធរក៏បានឃាត់ទុកបន្ថែមនូវទូកកាណូតដឹកឈើទាំងពីរគ្រឿង ដែលជាមធ្យោបាយដឹកជញ្ជូនបទល្មើសរបស់ក្រុមឈ្មួញ និងបន្តស៊ើបអង្កេតរកអ្នកជាប់ពាក់ព័ន្ធដទៃទៀតមកអនុវត្តច្បាប់ជាធរមានផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថស្រុកចិត្របុរី បានធ្វើការចុះបង្ក្រាបទូកដឹកឈើប្រណិត២គ្រឿង ដែលជារបស់ក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសធនធានធម្មជាតិ តាមផ្លូវទឹកនៃដងទន្លេមេគង្គ ប៉ុន្តែក្រុមឈ្មួញឧក្រិដ្ឋកម្មព្រៃឈើទាំងនោះ មិនត្រូវបានសមត្ថកិច្ចទម្លាយឱ្យដឹងឡើយ បើទោះបីបទល្មើសដឹកជញ្ជូនឈើនេះ មានកំណត់ហេតុច្បាស់លាស់ហើយក៏ដោយ៕ ដោយ៖ SN

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត