ការសិក្សារកឃើញថា ការបំពុលបរិយាកាសជំរុញឱ្យអ្នកមិនជក់បារី មានអត្រាកើតជំងឺមហារីកសួតខ្ពស់
N
Nary Vann
06 កុម្ភៈ 2025 01:00 AM

សុខភាព៖ ការបំពុលបរិយាកាសកំពុងជំរុញឱ្យមានការកើនឡើងនូវទម្រង់ទូទៅ នៃជំងឺមហារីកសួត ក្នុងចំណោមអ្នកមិនជក់បារី ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ត្រី និងប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយកាលពីពេលថ្មីៗ...។

យោងតាមការស្រាវជ្រាវមួយ ដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Lancet Respiratory Medicine ក្នុងទិវាជំងឺមហារីកពិភពលោក ជំងឺមហារីកសួត គឺជាទម្រង់ទូទៅបំផុត ដោយមនុស្សចំនួន២,៥លាននាក់ត្រូវបានរកឃើញថា មានជំងឺនេះនៅឆ្នាំ២០២២។ ពួកគេភាគច្រើនជាបុរស ប៉ុន្តែគេសង្កេតឃើញថា មានចំនួនកើនឡើងជិត១លានករណីក្នុងចំណោមស្ត្រី។ អ្នកស្រាវជ្រាវបានបង្ហាញនៅក្នុងការសិក្សានេះថា ប្រភេទរងនៃជំងឺមហារីកសួត adenocarcinoma បានកើតឡើងលើស្ត្រីក្នុង១៨៥ ប្រទេស។ ការស្រាវជ្រាវ បានបង្ហាញថា៖«ការបំពុលខ្យល់អាចត្រូវបានចាត់ទុកថា ជាកត្តាសំខាន់ ដែលបង្កឱ្យមានជំងឺមហារីកសួត មានពី៥៣ទៅ៧០ភាគរយនៃករណីមហារីកសួត ក្នុងចំណោមអ្នកដែលមិនធ្លាប់ជក់បារីនៅទូទាំងពិភពលោក»។ ពួកគេរកឃើញថា វាបានកើនឡើងក្នុងចំណោមបុរស និងស្ត្រី ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ក្នុងនោះស្ត្រីមាន៦០ភាគរយ។

អ្នកស្រាវជ្រាវបន្ថែមថា៖«នៅពេលអត្រាប្រេវ៉ាឡង់នៃការជក់បារីបន្តធ្លាក់ចុះនៅក្នុងប្រទេសជាច្រើន នៅទូទាំងពិភពលោក សមាមាត្រនៃជំងឺមហារីកសួត ចំពោះអ្នកដែលមិនធ្លាប់ជក់បារីបានកើនឡើង។ ជំងឺមហារីកសួត ចំពោះអ្នកមិនធ្លាប់ជក់បារី ត្រូវបានប៉ាន់ប្រមាណថា ជាមូលហេតុចម្បងទី៥នៃការស្លាប់ទាក់ទងនឹងជំងឺមហារីកនៅទូទាំងពិភពលោក។ កើតឡើងស្ទើរតែទាំងស្រុងជាប្រភេទរងនៃជំងឺមហារីកសួត adenocarcinoma ហើយភាគច្រើនកើតមានចំពោះស្ត្រី និងប្រជាជនអាស៊ី»។ ការសិក្សានេះ បានស្រាវជ្រាវលើស្ថិតិដោយផ្អែកលើទិន្នន័យពីអ្នកឃ្លាំមើល រួមទាំងអង្គការសុខភាពពិភពលោកផងដែរ។

ក្រុមអ្នកស្រាវជ្រាវនិយាយថា កម្រិតខ្ពស់បំផុតនៃជំងឺមហារីក adenocarcinoma ដែលទាក់ទងនឹងការបំពុលខ្យល់ ត្រូវបានរកឃើញនៅអាស៊ីបូព៌ា ជាពិសេសប្រទេសចិន។ ពួកគេបានបន្ថែមថា ស្ត្រី​ចិន​ដែល​មិន​ជក់បារី​អាច​កើត​ជំងឺ​មហារីក​សួត ដោយសារ​ការ​ប៉ះពាល់​នឹង​ឥន្ធនៈ​រឹង ​ដែល​ត្រូវ​បាន​ដុតសម្រាប់​ចម្អិន​អាហារ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត