
ខេត្តសៀមរាប៖ ពេញមួយខែមករា ឆ្នាំ២០២៥ កម្ពុជារកចំណូលបានជិត៧លានដុល្លារអាម៉េរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យភ្ញៀវទេសចរបរទេសជាង១៤ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ…។

តាមរយៈសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយកាលពីថ្ងៃទី១កុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងខែមករា ដើមឆ្នាំ២០២៥ មានភ្ញៀវទេសចរបរទេសចំនួន១៤៦១៤០នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះមានការកើនឡើង២៦,៤៩ភាគរយ បើធៀបនឹងខែមករា ឆ្នាំ២០២៤។ ចំនួនភ្ញៀវបរទេសជាង១៤ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនាអង្គរ ក្នុងខែមករា ធ្វើឱ្យកម្ពុជារកចំណូលបាន៦៩០៣៣៨០ដុល្លារ កើនឡើង២៥,៥៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

នៅក្នុងខែមករាដដែល កម្ពុជាក៏បានលក់សំបុត្រនៅប្រាសាទកោះកែរ(ឆោកគគ៌្យរ) ជូនភ្ញៀវបរទេសចំនួន៣៦៨៩នាក់ ទទួលបានចំណូលចំនួន៥៥៣៣៥ដុល្លារ, ប្រាសាទបេងមាលា មានចំនួន១៧៥៣នាក់ ទទួលបានចំណូល១៧៥៣០ដុល្លារ, ចំណូលពីការលក់សំបុត្រភ្នំក្បាលស្ពាន មានចំនួន១២៨នាក់ ទទួលបានចំណូលចំនួន៦៤០ដុល្លារ និងចំណូលពីការលក់សំបុត្រទូក (ទូកសរុប៤០៤៩) បានចំណូលចំនួន១២០៧១៧ដុល្លារ។ គួរជម្រាបថា តាមរយៈចំណូលដែលទទួលបាននៅក្នុងខែមករា ឆ្នាំ២០២៥នេះ គ្រឹះស្ថានអង្គរបានឧបត្ថម្ភដល់មូលនិធិ គន្ធបុប្ផាកម្ពុជា នូវទឹកប្រាក់ចំនួន២៩២២៨០ដុល្លារផងដែរ៕



