
ខេត្តសៀមរាប៖ រយៈពេល៩ខែដើមឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជាង៣២លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកែ និងកំពង់ផែចុងឃ្នៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤..។

ស្ថាប័នជំនាញមួយនេះ ក៏បានគូសបញ្ជាក់បន្ថែមដែរថា សម្រាប់ខែកញ្ញា ឆ្នាំ២០២៤ គ្រឹះស្ថានអង្គររកចំណូលបាន ២១ ១៨៨ ៥០១ដុល្លារអាម៉េរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤៧ ៩៩៣នាក់។ ទន្ទឹមនឹងគ្នានោះ ការប្រមូលចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទកោះកែសម្រាប់រយៈពេល៩ខែនេះ មានចំនួន២០៨០៥០ដុល្លារ ពីអ្នកទេសចរបរទេស១៣ ៨៧០នាក់ ដោយឡែក ការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀសបានចំនួន ៥៥៣ ៤៥៣ដុល្លារអាម៉េរិកផងដែរ។

គ្រឹស្ថានអង្គរបន្ថែមថា រយៈពេល៩ខែដើមឆ្នាំនេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ១៣៩៩៧០០ដុល្លារអាម៉េរិក ពីចំណែកនៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយអង្គរ ដើម្បីជួយទ្រទ្រង់ក្នុងមូលនិធិសម្រាប់សង្គ្រោះជីវិតកុមារកម្ពុជាផងដែរ៕


