អ្នកកំពង់ចាមម្នាក់ៗ រកបានជាមធ្យមជិត២០០ដុល្លារក្នុង១ខែ
Mao Sopha
07 មករា 2025 06:29 PM

រាជធានីភ្នំពេញ៖ ផលិតផលសរុប ឬពាក្យបច្ចេកទេស ដែលគេនិយមហៅកាត់ថា ជីឌីភី (GDP) សម្រាប់ប្រជាជនម្នាក់ៗ ក្នុងខេត្តកំពង់ចាម មានចំនួន២៣១១ដុល្លារ កាលពីឆ្នាំ២០២៤។ មានន័យថា ប្រជាជនក្នុងខេត្តកំពង់ចាមម្នាក់ រកចំណូលបានជាមធ្យម ចំនួន២៣១១ដុល្លារ ក្នុងរយៈពេលពេញ១ឆ្នាំនៃឆ្នាំ២០២៤ ឬស្មើនឹង១៩២ដុល្លារក្នុង១ខែ។ របាយការណ៍អំពីប្រាក់ចំណូលរបស់ប្រជាជនក្នុងខេត្តកំពង់ចាមសម្រាប់ឆ្នាំ២០២៤ ត្រូវបានអានដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងពិធីរម្លឹកខួប៤៦ឆ្នាំនៃទិវាជ័យជម្នះ៧មករា ដែលត្រូវបានរៀបចំឡើងក្នុងសួនវិមានឯករាជ្យក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។

លោក អ៊ុន ចាន់ដា ថ្លែងក្នុងទិវាជ័យជម្នះ៧មករា ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ លើទឹកដីខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា ថ្លែងក្នុងទិវាជ័យជម្នះ៧មករា ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ លើទឹកដីខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា លើកឡើងដោយផ្អែកតាមរបាយការណ៍ថា នៅឆ្នាំ២០២៤ សេដ្ឋកិច្ចក្នុងខេត្តកំពង់ចាម ដែលគិតជាទឹកប្រាក់ មានទំហំជាង២៦០០លានដុល្លារ ដោយក្នុងនោះ វិស័យកសិកម្ម មានទំហំជាង១០០០លានដុល្លារ វិស័យឧស្សាហកម្ម មានទំហំជាង៨០០លានដុល្លារ និងវិស័យសេវាកម្ម មានទំហំជាង៧០០លានដុល្លារ។ លោកថែមទាំងអះអាងថា តាមការរំពឹងទុក នៅឆ្នាំ២០២៥ ទំហំសេដ្ឋកិច្ចក្នុងខេត្តកំពង់ចាម នឹងកើនដល់ជាង២៨០០លានដុល្លារ ​ ហើយផលិតផលសរុប ឬប្រាក់ចំណូលជាមធ្យមសម្រាប់ប្រជាជនម្នាក់ៗ នឹងកើនដល់២៤៧៨ដុល្លារ ក្នុងឆ្នាំ២០២៥នេះ។  

ប្រជាជន ថតសែលហ្វ៊ីជាមួយលោក អ៊ុន ចាន់ដា ក្នុងរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ គឺជាថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា បេីកការដ្ឋានសាងសង់ព្រែកជីកហ៊្វូណន។ 
ប្រជាជន ថតសែលហ្វ៊ីជាមួយលោក អ៊ុន ចាន់ដា ក្នុងរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ គឺជាថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា បេីកការដ្ឋានសាងសង់ព្រែកជីកហ៊្វូណន។ 

លោកអភិបាលខេត្តបន្តថា​ ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ខេត្តរបស់លោក ទទួលបានគម្រោងអភិវឌ្ឍន៍ផ្លូវក្រាលកៅស៊ូ ចំនួន២៧ខ្សែ ដែលមានប្រវែងជាង១០០គីឡូម៉ែត្រ និងផ្លូវ​បេតុង​ជាង២០០ខ្សែ ដែលប្រវែងជិត៩០គីឡូម៉ែត្រ។ នៅមានសមិទ្ធផលផ្សេងទៀត ដែលលោករំលេចឡើងក្នុងពិធីខាងលើ ដូចជា ការកសាងទីលានទុកដាក់សំរាម គម្រោងសាងសង់ប្រព័ន្ធលូ និងគម្រោងទឹកស្អាត ជាដើម៕

លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម (បង់កក្រមា) ចុះពិនិត្យផ្លូវបេតុងមួយកន្លែង កាលពីឆ្នាំ២០២៣។ 
លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម (បង់កក្រមា) ចុះពិនិត្យផ្លូវបេតុងមួយកន្លែង កាលពីឆ្នាំ២០២៣។ 

រូបពីរដ្ឋបាលខេត្តកំពង់ចាម

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត