ក្រុងសួង៖ ប្រជាកសិកររស់នៅភូមិត្រពាំងស្ទៀង ភូមិបុសទី និងភូមិពន្លៃ ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបានអណ្តូង១២កន្លែងពីសប្បុរសជន ដើម្បីបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់បានឱ្យបានទាន់ពេលវេលា…។

លោក ប៊ុន ផល្លី មេឃុំកក់ បានឱ្យដឹងថា អាជ្ញាធរកំពុងដំណើរការខួងអណ្តូងចំនួន១២កន្លែង និងបំពាក់ប្រព័ន្ធសូឡាសម្រាប់បូមទឹក ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសប្បុរសជននានា។ នៅពេលខួងសម្រេចរួចរាល់នឹងប្រគល់ជូនប្រជាពលរដ្ឋចំនួន៣ភូមិ ក្នុងនោះរួមមាន៖ ភូមិត្រពាំងស្ទៀងចំនួន៣អណ្ដូង ភូមិបុសទី ចំនួន៣អណ្ដូង និងភូមិពន្លៃទទួលបានអណ្ដូងធំ-តូចចំនួន៦ និងបំពាក់ប្រព័ន្ធសូឡា ដើម្បីបូមទឹកជួយអន្តរាគមន៍ស្រោចស្រពសង្គ្រោះស្រូវប្រាំងប្រមាណជាង៣០០ហិកតា។

បន្ថែមលើនេះ លោកមេឃុំបន្តថា ជារៀងរាល់ឆ្នាំ ការធ្វើស្រូវរដូវប្រាំងប្រើប្រភពទឹកពីប្រឡាយដែលតភ្ជាប់ពីអាងទឹកបាក់អាយមកកាន់ភូមិបុសទី និងទឹកស្រះបៀរ ដែលបានជីកតាមក្បាលស្រែ និងការបុកអណ្តូងរបស់ប្រជាកសិករមួយចំនួន។ ចំពោះរដូវប្រាំងឆ្នាំ២០២៥នេះ ប្រជាកសិករនៅក្នុងឃុំកក់ បានសម្រុកធ្វើស្រូវស្រាលកើនលើសឆ្នាំមុនៗពាក់កណ្តាល ជាហេតុបណ្តាលឱ្យប្រឈមនឹងការខ្វះទឹកស្រោចស្រពលើស្រូវទាំងនោះ៕ រាយការណ៍ដោយ៖ ភ្នាក់ងារខេត្តក្រចេះ SN




