OpenAI ចោទក្រុមហ៊ុនចិនព្យាយាមចម្លងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់អាម៉េរិក
N
Nary Vann
30 មករា 2025 03:30 AM

រដ្ឋធានីវ៉ាស៊ីនតោន៖ OpenAI ជាក្រុមហ៊ុនអភិវឌ្ឍកម្មវិធីបញ្ញាសិប្បនិម្មិត ChatGPT បានលើកឡើងថា ក្រុមហ៊ុនចិនកំពុងព្យាយាមយ៉ាងសកម្មក្នុងការចម្លងគំរូបញ្ញាសិប្បនិម្មិត ឬហៅកាត់ថា AI កម្រិតខ្ពស់របស់ខ្លួន ដោយជំរុញឱ្យមានការបង្កើនវិធានការសន្តិសុខ និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរសហរដ្ឋអាម៉េរិក...។

សេចក្តីថ្លែងការណ៍របស់ OpenAI កើតឡើងបន្ទាប់ពីវត្តមានរបស់កម្មវិធីបញ្ញាសិប្បនិម្មិតចិន ឌីបស៊ីក (DeepSeek) អង្រួនវិស័យ​បច្ចេកវិទ្យាសាកលលោកក្នុងសប្តាហ៍នេះឋ ជាមួយនឹង chatbot ថ្មីដ៏មានអានុភាពរបស់ខ្លួន ដែលត្រូវបានបង្កើតឡើងដោយចំណាយដើមទុនតិចជាង បើធៀបនឹងគូប្រជែងនៅសហរដ្ឋអាម៉េរិក។ សមត្ថភាពដ៏ខ្លាំងក្លារបស់ឌីបស៊ីក បានជំរុញឱ្យមានរលកនៃការចោទប្រកាន់ថា ក្រុមហ៊ុនចិនបានលួចចម្លងសមត្ថភាពនៃបច្ចេកវិទ្យាឈានមុខគេរបស់សហរដ្ឋអាម៉េរិក ដូចជា AI ដែលផ្តល់ថាមពលដល់ ChatGPT ជាដើម។ 

អ្នកនាំពាក្យ OpenAI បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ដោយលើកឡើងពីភាពតានតឹងលើការការពារកម្មសិទ្ធិបញ្ញារបស់ AI រវាងសហរដ្ឋអាម៉េរិក និងចិនថា៖«យើងដឹងថា ក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសចិន និងក្រុមហ៊ុនផ្សេងទៀត​ កំពុងព្យាយាមធ្វើតាមគំរូនៃក្រុមហ៊ុន AI ឈានមុខគេរបស់សហរដ្ឋអាម៉េរិក។ យើងជឿថា ទៅមុខទៀត យើងត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដើម្បីការពារគំរូដែលមានសមត្ថភាពបំផុត ពីការខិតខំប្រឹងប្រែងរបស់សត្រូវ និងដៃគូប្រកួតប្រជែង ក្នុងការចម្លងបច្ចេកវិទ្យារបស់អាម៉េរិក»លោក ដាវីឌ សេក (David Sacks) ជាក្រុមប្រឹក្សា AI ថ្មីរបស់រដ្ឋបាល ត្រាំ បានប្រាប់ទូរទស្សន៍ Fox News ថា មានភស្តុតាងជាច្រើនដែលចង្អុលបង្ហាញថា ឌីបស៊ីក បានចម្រាញ់ចំណេះដឹងចេញពីគំរូរបស់ OpenAI។

OpenAI លើកឡើងបន្តថា ដំណើរការនេះ គឺផ្ទុយនឹងលក្ខខណ្ឌនៃសេវាកម្មរបស់ខ្លួន ហើយបានប្តេជ្ញារារាំងការប៉ុនប៉ងលួចចម្លងបន្ថែមទៀត។ គួរបញ្ជាក់ថា ក្រុមហ៊ុន OpenAI កំពុងប្រឈមមុខនឹងការចោទប្រកាន់លើការរំលោភកម្មសិទ្ធិបញ្ញាជាច្រើននៅទូទាំងពិភពលោក ដែលទាក់ទងជាចម្បងទៅនឹងការប្រើប្រាស់សម្ភាររក្សាសិទ្ធិក្នុងការបណ្តុះបណ្តាលគំរូ AI របស់ខ្លួន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត