ថៃរំពឹងផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ទៅចិន នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០៣០
ម៉េងហុង
មួយឆ្នាំមុន

រាជធានីបាងកក៖ រាជរដ្ឋាភិបាលថៃ កាលពីថ្ងៃពុធទី២៩មករា បង្ហាញក្ដីរំពឹងថា ផ្លូវដែកល្បឿនលឿនប្រវែង៦០៩គីឡូម៉ែត្រ ដែលនឹងតភ្ជាប់ជាមួយប្រទេសចិន ឆ្លងកាត់ប្រទេសឡាវ នឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០៣០ ពោលគឺជិតមួយទសវត្សរ៍យូរជាងការគ្រោងទុក...។

អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោក ជីរ៉ាយូ ហឿងស៊ូប បាននិយាយថា ជាងមួយភាគបីនៃការសាងសង់ត្រូវបានបញ្ចប់នៅក្នុងផ្នែកតភ្ជាប់ពីរាជធានីបាងកកទៅកាន់ទីក្រុងនគររាជសីមា មានចម្ងាយប្រហែល២២០គីឡូម៉ែត្រ ហើយខ្សែរថភ្លើងទាំងមូលទៅកាន់ក្រុងណងខៃ (Nong Khai) នៅព្រំដែនឡាវ នឹងរួចរាល់នៅឆ្នាំ២០៣០។ បន្ថែមពីនោះ លោក ជីរ៉ាយូ បានឱ្យដឹងថា នេះគឺជាឱកាសសម្រាប់ប្រទេសថៃក្នុងការតភ្ជាប់ទៅនឹងសេដ្ឋកិច្ចពិភពលោក ដោយបន្ថែមថា វានឹងនាំប្រទេសថៃឱ្យកាន់តែខិតជិតទៅនឹងគោលដៅរបស់ខ្លួនក្នុងការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​មួយ​ឆ្នាំ​បន្ទាប់​ពី​ប្រទេស​ចិន​ បាន​ជំរុញ​ឱ្យ​ប្រទេស​ថៃ​មាន​ការ​រីក​ចម្រើន​លឿន​ជាង​មុន​លើ​ផ្លូវ​ដែក។

លោក ជីរ៉ាយូ ហឿងស៊ូប (Jirayu Houngsub)
លោក ជីរ៉ាយូ ហឿងស៊ូប (Jirayu Houngsub)

ខ្សែរថភ្លើងដែលមានតម្លៃ៦ពាន់លានដុល្លារ ប្រវែង១០០០គីឡូម៉ែត្រពីរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ ទៅកាន់ទីក្រុងគុនមីងភាគនិរតីនៃប្រទេសចិន បានចាប់ផ្តើមដំណើរការនៅឆ្នាំ២០២១ ជាក្រុមហ៊ុនបណ្តាក់ទុន៧០ភាគរយជាកម្មសិទ្ធិរបស់រដ្ឋធានីប៉េកាំង។ ខ្សែ​រថភ្លើង​នោះ ​នឹង​ត​ភ្ជាប់​ជាមួយ​ក្រុងណងខៃរបស់​ប្រទេស​ថៃ ​តាម​រយៈរដ្ឋធានី​វៀងចន្ទន៍​ដែល​មាន​ចម្ងាយ​ប្រហែល២៥គីឡូម៉ែត្រ​។ គួររំឭកថា ការពិភាក្សាលើផ្លូវដែកបានចាប់ផ្តើមជិតពីរទសវត្សរ៍មុន ហើយប្រទេសថៃ និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការសាងសង់ក្នុងឆ្នាំ២០១៧ ជាមួយនឹងផែនការចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០២១។ ប៉ុន្តែការសាងសង់បានជួបការពន្យារពេលដោយសារការខ្វែងគំនិតគ្នាលើការផ្ដល់ហិរញ្ញប្បទាន និងការរចនា និងការរំខានពីជំងឺរាតត្បាតកូវីដ-១៩។

ផែនការនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមពាណិជ្ជកម្មខ្សែក្រវាត់ និងផ្លូវ ប្រកបដោយមហិច្ឆតារបស់ប្រធានាធិបតីចិន ស៊ី ជីនពីង ដែលរួមមានផែនការសម្រាប់ផ្លូវចំនួនបីមានប្រភពចេញពីទីក្រុងគុនមីង ឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ថៃ និងវៀតណាម។ វៀតណាមគ្រោងនឹងសាងសង់ខ្សែរថភ្លើងល្បឿនលឿនប្រវែង១៥៤១គីឡូម៉ែត្រ តភ្ជាប់ទីក្រុងធំជាងគេពីររបស់ខ្លួន គឺរដ្ឋធានីហាណូយ និងទីក្រុងព្រៃនគរ(ហូជីមិញ) ក្នុងតម្លៃជាង៦៧ពាន់លានដុល្លារ ដោយកំណត់គោលដៅចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០៣៥។ ប្រទេសសង្គមនិយមនេះ ក៏មានគម្រោងផ្លូវរថភ្លើងតម្លៃ៧,២ពាន់លានដុល្លារពីព្រំដែនរបស់ខ្លួន ជាមួយខេត្តយូណានរបស់ប្រទេសចិនទៅកាន់រដ្ឋធានីហាណូយ ទីក្រុងកំពង់ផែហៃផុង និងទីក្រុងហាឡុងផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត