
រាជធានីបាងកក៖ កម្មវិធីវីដេអូខ្លីទិកតុករបស់ក្រុមហ៊ុនយក្ស ByteDance នឹងបោះទុនវិនិយោគចំនួន១២៦,៨ពាន់លានបាត ឬស្មើប្រមាណ៣,៧៦ពាន់លានដុល្លារនៅក្នុងប្រទេសថៃ ដោយផ្តោតលើសេវាកម្មរក្សាទុកទិន្នន័យ។ នេះបើតាមក្រុមប្រឹក្សាវិនិយោគថៃ បានឱ្យដឹងកាលពីថ្ងៃពុធទី២៩មករា...។

ក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃអះអាងថា ការវិនិយោគរបស់ក្រុមហ៊ុនចិននេះ ត្រូវបានធ្វើឡើងដោយអង្គភាពមានមូលដ្ឋាននៅសិង្ហបុរី ហើយនឹងគាំទ្រដល់សកម្មភាពរបស់ក្រុមហ៊ុនដែលពាក់ព័ន្ធ ដោយប្រតិបត្តិការគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៦។ គម្រោងនេះ ស្ថិតក្នុងចំណោមគម្រោងថ្មីចំនួន៥ពាន់លានដុល្លារ ដែលត្រូវបានអនុម័ត ប្រកាសកាលពីថ្ងៃពុធទី២៩មករា។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើន គ្រោងបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ។

សូមរំឭកថា កាលពីឆ្នាំមុន ក្រុមហ៊ុន Google បានប្រកាសពីការវិនិយោគ១ ពាន់លានដុល្លារនៅក្នុងប្រទេសថៃ ពោលគឺមួយឆ្នាំបន្ទាប់ពីក្រុមហ៊ុន Amazon បានប្រកាសការវិនិយោគ៥ពាន់លានដុល្លារនៅក្នុងប្រទេសក្បែរខាងកម្ពុជាមួយនេះ ក្នុងរយៈពេល១៥ឆ្នាំ។ ទន្ទឹមគ្នានោះ ក្រុមហ៊ុន Microsoft ក៏បានប្រកាសថា នឹងបើកមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់ដំបូងរបស់ខ្លួននៅប្រទេសថៃផងដែរ។ ជាចុងក្រោយ អគ្គលេខាធិកាក្រុមប្រឹក្សាវិនិយោគថៃអះអាងថា ផែនការរបស់ទិកតុកជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបញ្ញាសិប្បនិម្មិត(AI) របស់ប្រទេសថៃ និងជួយនាំប្រទេសនេះ សម្រេចគោលដៅក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាក្នុងតំបន់៕





