
រាជធានីភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃជ័រ និងឈើកៅស៊ូជិត២០០កន្លែង ខណៈដំណាំកៅស៊ូនេះអាចជួយគាំទ្រសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋបានជាង៤០ម៉ឺននាក់...។

ក្នុងពិធីសម្ភោធរោងចក្រកែច្នៃកៅស៊ូ និងបើកមុខចៀរជ័រកៅស៊ូថ្មីរបស់ក្រុមហ៊ុនទ្រីភាព អឹមផត អិចផត ឯ.ក កាលពីថ្ងៃទី២៨មករា ឆ្នាំ២០២៥ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា៖«បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃជ័រ និងឈើកៅស៊ូចំនួន១៧៩កន្លែង ពោលកើនឡើងចំនួន៦កន្លែងធៀបឆ្នាំ២០២៣ ក្នុងនោះ រោងចក្រកែច្នៃជ័រកៅស៊ូក្រែប៥៦កន្លែង រោងចក្រកែច្នៃទឹកជ័រខាប់១កន្លែង សិប្បកម្មកែច្នៃកៅស៊ូសន្លឹក១០១កន្លែង និងរោងចក្រកែច្នៃឈើកៅស៊ូ២១កន្លែង ជាពិសេសប្រភេទដំណាំកៅស៊ូនេះ បានផ្តល់ការងារចំនួន១៤ម៉ឺនកន្លែង និងជួយគាំទ្រសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋចំនួន៤២ម៉ឺននាក់»។

ពាក់ព័ន្ធនឹងចំណូលបានពីផលិតផលកៅស៊ូវិញ លោក ឌិត ទីណា បញ្ជាក់ថាក្នុងឆ្នាំ២០២៤ កម្ពុជារកចំណូលពីការនាំចេញផលិតផលកៅស៊ូបានចំនួនសរុបប្រមាណ៦៧១លានដុល្លារ កើនឡើងជាង១៥០លានដុល្លារ បើធៀបឆ្នាំ២០២៣ ខណៈដែលរោងចក្រផលិតសំបកកង់យានយន្តទាំង៣ក្នុងស្រុក បានជួយប្រមូលទិញជ័រកៅស៊ូក្នុងស្រុកចំនួន៥,៨ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណចំនួន៩៦លានដុល្លារ កើនឡើងជាង៥០លានដុល្លារ បើធៀបឆ្នាំ២០២៣។

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានឱ្យដឹងបន្ថែមថា វិស័យកសិកម្មនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ចំណែក វិស័យឯកជន គឺជាដៃគូមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែកដល់ការអភិវឌ្ឍក្នុងវិស័យកសិកម្ម។ ក្នុងន័យនេះ ក្រសួងកសិកម្មទទួលស្វាគមន៍ និងលើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យឯកជនកាន់តែច្រើនថែមទៀត ដែលនឹងជួយបង្កើតការងារ លើកកម្ពស់ប្រាក់ចំណូលប្រជាពលរដ្ឋ ជំរុញការនាំចេញ និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ៕



