ការ​នាំ​ចេញ​អង្ករ​របស់​ថៃឆ្នាំមុន កើន​ឡើង​ខ្ពស់បំផុត​ក្នុង​រយៈ​ពេល​៦​ឆ្នាំ​ ខណៈតម្លៃក៏មិនណយ
N
Nary Vann
30 មករា 2025 01:00 AM

រាជធានីបាងកក៖ ក្រសួងពាណិជ្ជកម្មរាយការណ៍ថា ថៃបាននាំចេញអង្ករចំនួន៩,៩៥ លានតោនក្នុងឆ្នាំ២០២៤ កើនឡើង១៣ភាគរយធៀបនឹងឆ្នាំ២០២៣ ខណៈនេះជាចំនួនខ្ពស់បំផុតក្នុងរយៈពេល៦ឆ្នាំ។

លោកស្រី អារ៉ាដា ហ្វួងតុង អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស បានឱ្យដឹងថា តម្លៃអង្ករនាំចេញកាលពីឆ្នាំមុនក៏បានកើនឡើង២៧ភាគរយដល់២២៥,៦៥ ពាន់លានបាត។ អង្ករសមាន៦០ភាគរយនៃការនាំចេញសរុប ឬ៥,៩៩លានតោន បន្ទាប់មក អង្ករផ្កាម្លិះ១,៧៤លានតោន អង្ករចំហុយ១,២៧លានតោន អង្ករក្រអូប០,៦៣លានតោន អង្ករដំណើប០,៣លានតោន និងអង្ករសំរូប០,០២លានតោន។ លោកស្រី អារ៉ាដា បន្តថា ទីផ្សារនាំចេញធំបំផុតទាំង៥របស់ប្រទេសថៃ គឺប្រទេសឥណ្ឌូណេស៊ី ដែលបាននាំចូលអង្ករចំនួន១,៣៣លានតោន បន្ទាប់មកគឺប្រទេសអ៊ីរ៉ាក់ សហរដ្ឋអាម៉េរិក ប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសហ្វីលីពីន។ លោកស្រីបន្ថែមថា ការនាំចេញអង្ករនៅឆ្នាំ២០២៤ កើនឡើងលើសពីគោលដៅរបស់នាយកដ្ឋានចំនួន៩ លានតោន ដោយសារការកំណើនតម្រូវការពីស្ទើរតែគ្រប់តំបន់ ជាពិសេសទ្វីបអាហ្រ្វិក ដែលបានបញ្ជាទិញអង្ករពីប្រទេសថៃ៣៤ភាគរយច្រើនជាងឆ្នាំ២០២៣។

លោកស្រី អារ៉ាដា ហ្វួងតុង (Arada Fuangtong)
លោកស្រី អារ៉ាដា ហ្វួងតុង (Arada Fuangtong)

យ៉ាងណា នាយកដ្ឋាននេះបានប៉ាន់ប្រមាណថា ការនាំចេញអង្ករនៅឆ្នាំ២០២៥ នឹងធ្លាក់ចុះពីឆ្នាំមុន ដោយសារតែការលុបចោលការរឹតបន្តឹងលើការនាំចេញរបស់ប្រទេសឥណ្ឌា។ ទន្ទឹមនឹងនេះ ឥណ្ឌូណេស៊ី ត្រូវបានគេរំពឹងថា​ នឹងកាត់បន្ថយការនាំចូលអង្កររបស់ខ្លួននៅឆ្នាំនេះ ដោយសារតែការកើនឡើងនៃការរំពឹងទុកនៃទិន្នផលក្នុងស្រុក។ នាយកដ្ឋាន និងសមាគមអ្នកនាំចេញអង្ករថៃ ប៉ាន់ប្រមាណថា ការនាំចេញអង្ករសរុបក្នុងឆ្នាំ២០២៥ នឹងមានប្រហែល៧,៥លានតោន។ លោកស្រី អារ៉ាដាបន្ថែមថា នាយកដ្ឋាននឹងបន្តជំរុញអ្នកនាំចេញអង្ករ មិនថាជាសហគ្រាសធុនតូច និងមធ្យម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការនាំចេញអង្ករ និងលុបបំបាត់ភាពផ្តាច់មុខ។

លោកស្រីនិយាយថា នាយកដ្ឋានបាននិងកំពុងអញ្ជើញអ្នកនាំចេញសហគ្រាសធុនតូច និងមធ្យម ឱ្យចូលរួមក្នុងពិពណ៌ពាណិជ្ជកម្មក្នុងស្រុក និងក្រៅប្រទេសសម្រាប់ឆ្នាំនេះ រួមមាន Biofach នៅប្រទេសអាល្លឺម៉ង់ ពិពណ៌ផលិតផលធម្មជាតិខាងលិចនៅសហរដ្ឋអាម៉េរិក និង THAIFEX-Anuga Asia 2025 នៅរាជធានីបាងកក។ គេ​ប៉ាន់​ប្រមាណ​ថា ពិព័រណ៌​ទាំងនេះ​អាច​ជួយ​បង្កើត​ការ​លក់​អង្ករ​ថៃ​រហូត​ដល់​ទៅ​៦០០​លាន​បាត

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត