
រដ្ឋធានីប៉េកាំង៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន អាលីបាបា Alibaba នៅថ្ងៃទី២៩ ខែមករានេះ បានបញ្ចេញកំណែថ្មីនៃគំរូបញ្ញាសិប្បនិម្មិត Qwen 2.5 របស់ខ្លួន ដោយអះអាងថា វាអាចវ៉ាដាច់ម៉ូដែល DeepSeek-V3 ដែលកំពុងអង្រួនឧហ្សាកម្មបច្ចេកវិទ្យាសកល។

ការដាក់ឱ្យប្រើប្រាស់ Qwen 2.5-Max នៅថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មីនេះ បង្ហាញថា មហាយក្សចិន មិនត្រឹមតែប្រជែងជាមួយក្រុមហ៊ុនបរទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រកួតប្រជែងជាមួយក្រុមហ៊ុនក្នុងស្រុកផងដែរ។ អាលីបាបា បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសមួយដែលបានបង្ហោះនៅលើគណនី WeChat ផ្លូវការរបស់ខ្លួន ថា Qwen 2.5-Max ដំណើរការបានល្អជាង GPT-4o, DeepSeek-V3 និង Llama-3.1-405B របស់ OpenAI និងMeta ទៅទៀត។ ការដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១០មករា នៃជំនួយការ AI របស់ DeepSeek ដំណើរការដោយម៉ូដែល DeepSeek-V3 ក៏ដូចជាការដាក់ចេញនៅថ្ងៃទី២០មករា នៃម៉ូដែល R1 របស់ខ្លួន បានធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗមានការភ្ញាក់ផ្អើល និងបណ្តាលឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនដាំក្បាលចុះ។

យ៉ាងណា ភាពជោគជ័យរបស់ DeepSeek ក៏បាននាំឱ្យមានការប្រជែងគ្នាក្នុងចំណោមដៃគូប្រកួតប្រជែងក្នុងស្រុករបស់ខ្លួន នៃការធ្វើឱ្យប្រសើរឡើងនូវម៉ូដែល AI ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។ ជាក់ស្តែង ពីរថ្ងៃបន្ទាប់ពីការដាក់ប្រើប្រាស់ DeepSeek-R1 ក្រុមហ៊ុនមេរបស់ទិកតុក ពោលគឺ ByteDance បានចេញផ្សាយការអាប់ដេតចំពោះម៉ូដែល AI ដ៏ល្បីរបស់ខ្លួន ដោយអះអាងថា ដំណើរការខ្លាំងជាង OpenAI របស់ក្រុមហ៊ុន Microsoft ថែមទៀតផង៕



