មន្ទីរសុខាភិបាលខេត្តកណ្តាលសម្រេចបិទពេទ្យឯកជន «សុខហេងអង្គស្នួល» ក្រោយរកឃើញផ្តល់សេវាល្មើសច្បាប់
អុន សម្ផស្ស
03 សីហា 2024 03:00 AM

រាជធានីភ្នំពេញ៖ មន្ទីរសុខាភិបាលខេត្តកណ្តាលបានសម្រេចបិទមន្ទីរសម្រាកព្យាបាលសុខហេង អង្គស្នួល ដែលមានទីតាំងនៅផ្លូវបេតុង ភូមិអង្គស្នួល៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោយរកឃើញគ្លីនិកបន្តផ្តល់សេវាល្មើសនឹងការសម្រេចរបស់មន្ទីរ។ នេះបើតាមសេចក្តីសម្រេចរបស់មន្ទីរសុខាភិបាលខេត្តកណ្តាល នាល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។ 

ផ្អែកតាមសេចក្តីសម្រេចដដែលបញ្ជាក់ថា សម្រេចបិទមន្ទីរសម្រាកព្យាបាល សុខហេង អង្គស្នួល ដែលមានអ្នកទទួលខុសត្រូវឈ្មោះ វេជ្ជបណ្ឌិត សំ សីហា និងម្ចាស់ទុន ឈ្មោះ កែវ កញ្ចនា។ មូលហេតុសាមីគ្លីនិក នៅបន្តផ្តល់សេវាល្មើសនឹងសេចក្តីសម្រេចរបស់មន្ទីរសុខាភិបាលខេត្តកណ្តាលកាលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ ដោយសេចក្តីសម្រេចកាលនោះ តម្រូវឱ្យទីតាំងពេទ្យឯកជននេះផ្អាកសកម្មភាពផ្តល់សេវា និងរកឃើញថាមន្ទីរសម្រាកព្យាបាលឯកជននេះគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាលផង។ មន្ទីរសុខាភិបាលខេត្តបន្ថែមថា ប្រធានការិយាល័យនិយ័តកម្មសុខាភិបាលលោកវេជ្ជបណ្ឌិត សំ សីហា និង លោកស្រី កែវ កញ្ចនា មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត