
រដ្ឋធានីប៉េកាំង៖ គំរូបញ្ញាសិប្បនិមិត្ត (AI) ផលិតនៅប្រទេសចិន ដែលមានឈ្មោះថា DeepSeek បានក្លាយជាកម្មវិធីលេខមួយត្រូវបានទាញយកក្នុង Apple Store ធ្វើឱ្យអ្នកវិនិយោគមានការភ្ញាក់ផ្អើល និងធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនដាំក្បាលចុះ។

កំណែចុងក្រោយបំផុតរបស់កម្មវិធីត្រូវបានដាក់ចេញឱ្យប្រើប្រាស់នៅថ្ងៃទី២០ ខែមករា ដោយទាក់ទាញចំំណាប់អារម្មណ៍ពីអ្នកជំនាញ AI និងឧស្សាហកម្មបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិក និងពិភពលោក។ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា DeepSeek គឺជាការដាស់តឿនមួយសម្រាប់ក្រុមហ៊ុនអាម៉េរិក ដែលត្រូវតែផ្តោតលើការប្រកួតប្រជែង។ ចំណុចពិសេសរបស់ DeepSeek គឺការអះអាងថា វាត្រូវបានបង្កើតឡើងក្នុងតម្លែថោកជាងម៉ូដែល AI ឈានមុខគេក្នុងឧស្សាហកម្មដូចជា OpenAI ដោយសារតែការប្រើប្រាស់បន្ទះឈីបកម្រិតខ្ពស់តិចជាងមុន។ ការអះអាងនេះ បានធ្វើឱ្យក្រុមហ៊ុនផលិតបន្ទះឈីប Nvidia បាត់បង់តម្លៃទីផ្សារជិត៦០០ពាន់លានដុល្លារ ដែលជាការខាតបង់ដ៏ធំបំផុតក្នុងរយៈពេលត្រឹមមួយថ្ងៃនៃប្រវត្តិសាស្ត្រអាម៉េរិក។ ការអង្រួនវិស័យបច្ចេកវិទ្យារបស់ DeepSeek បានចោទជាសំណួរអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋធានីវ៉ាស៊ីនតោន ក្នុងការទប់ស្កាត់ឧត្តមភាពបច្ចេកវិទ្យារបស់រដ្ឋធានីប៉េកាំង ដោយហេតុថា ការរឹតបន្តឹងដ៏សំខាន់មួយរបស់អាម៉េរិក គឺការហាមឃាត់លើការនាំចេញបន្ទះឈីបកម្រិតខ្ពស់ទៅកាន់ប្រទេសចិន។

DeepSeek គឺជា Chatbot ដំណើរការដោយ AI ឥតគិតថ្លៃ ដែលមានដំណើរការខ្លាំងដូច ChatGPT ដែរ។ វាត្រូវបានរាយការណ៍ថា មានថាមពលខ្លាំងដូចគំរូ O1 របស់ OpenAI ក្នុងកិច្ចការរួមទាំងគណិតវិទ្យា និងការសរសេរកូដជាដើម។ ដូចទៅនឹងម៉ូដែល O1 ដែរ ម៉ូដែល R1 របស់ DeepSeek បានបង្ហាញពីជំនាញប្រកបដោយហេតុផលកម្រិតខ្ពស់ ក្នុងការផលិតការឆ្លើយតបបានយ៉ាងឆាប់រហ័ស ដោយធ្វើត្រាប់តាមដំណើរការស្រដៀងនឹងវែកញែកបញ្ហា ឬគំនិតរបស់មនុស្ស។ វាប្រើអង្គចងចាំតិចជាងគូប្រជែងរបស់វា ដែលកាត់បន្ថយថ្លៃបានយ៉ាងច្រើន។ DeepSeek ត្រូវបានបង្កើតឡើងក្នុងខែកក្កដា ឆ្នាំ២០២៣ ដោយលោក លាំង វេនហ្វេង (Liang Wenfeng) និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យហ្ស៊ីជាំង(Zhejiang) ដែលជាសាកលវិទ្យាល័យកំពូលមួយរបស់ប្រទេសចិន បានផ្តល់មូលនិធិដល់ការចាប់ផ្តើមអាជីវកម្មតាមរយៈមូលនិធិការពារហានិភ័យ។

លោក លាំង ដែលពីមុនផ្តោតទៅលើការប្រើប្រាស់ AI ក្នុងការបណ្តាក់ទុន បានទិញស្តុកទុកជាមុននូវបន្ទះឈីប Nvidia A100 ជាប្រភេទបច្ចេកវិទ្យាដែលត្រូវបានហាមឃាត់មិនឱ្យនាំចេញទៅកាន់ប្រទេសចិន។ បន្ទះឈីបទាំងនោះ បានក្លាយជាមូលដ្ឋាននៃ DeepSeek។ ជោគជ័យរបស់ DeepSeek គឺជាការជំរុញដ៏ធំមួយសម្រាប់រដ្ឋាភិបាលចិន ដែលបាននិងកំពុងស្វែងរកការកសាងបច្ចេកវិទ្យាដោយឯករាជ្យពីលោកខាងលិច ខណៈដែលគណបក្សកុម្មុយនីស្ដមិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានខ្នះខ្នែងចុះផ្សាយថា ក្រុមហ៊ុនយក្ស Silicon Valley និង Wall Street កំពុងព្រួយបារម្ភលើ DeepSeek ដែលកំពុងអង្រួនទីផ្សារភាគហ៊ុនអាម៉េរិក។

លោកស្រី ម៉ារីណា ចាង (Marina Zhang) សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យបច្ចេកវិទ្យាស៊ីដនីនិយាយថា៖«នៅក្នុងប្រទេសចិន ភាពជឿនលឿនរបស់ DeepSeek ជាសក្ខីភាពមួយចំពោះការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងការពឹងផ្អែកលើខ្លួនឯង។ ភាពជោគជ័យរបស់ក្រុមហ៊ុននេះ ត្រូវបានគេមើលឃើញថា ជាសុពលភាពនៃការច្នៃប្រឌិតរបស់ប្រទេសចិន ២.0 ដែលជាយុគសម័យថ្មីនៃភាពជាអ្នកដឹកនាំបច្ចេកវិទ្យាក្នុងស្រុក ដែលជំរុញដោយសហគ្រិនជំនាន់ក្រោយ»៕


