អភិបាលខេត្តកណ្តាល​​ ដាស់តឿនម្ចាស់អាជីរកម្ម​​ មិនត្រូវដំទ្បើងតម្លៃក្នុងឱកាសបុណ្យចូលឆ្នាំចិនឡើយ
S
Sreyleak Yith
28 មករា 2025 08:30 AM

ខេត្តកណ្តាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល​​ បានចេញសេចក្តីណែនាំដល់​​ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងផ្នែកសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវរក្សាតម្លៃលក់ឱ្យបានសមរម្យ ក្នុងនោះ ត្រូវមានសេវាកម្ម និងអនាម័យល្អសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកសម្រាកកម្សាន្ត​ នាឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១​​ ខែមករា ឆ្នាំ២០២៥​​…។

រូបភាពតំណាង
រូបភាពតំណាង

មិនមែនមានតែការហាមមិនឱ្យដំទ្បើងតម្លៃ​​នោះទេ លោក គួច ចំរើន ក៏បានដាស់តឿនដល់មន្ទីរ អង្គភាព សមាគម អង្គការមិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ។ លោកអភិបាលខេត្ត ណែនាំទៀតថា ការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុត ហើយហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ។​​

រូបភាពតំណាង
រូបភាពតំណាង

អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលខេត្តកណ្តាល និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅតាមទីផ្សារ និងនៅគ្រប់ទីកន្លែងក្នុងខេត្តកណ្តាល។​​ នេះជាការណែនាំរបស់ចៅហ្វាយខេត្តកណ្តាលដដែល ហើយព្រមទុកមុនថា ជនណានៅតែបំពាន ឬប្រព្រឹត្តល្មើសមិនគោរពតាមការណែនាំ ត្រូវទទួលទោសទណ្ឌតាមច្បាប់ជាធរមាន៕

រូបភាពតំណាង
រូបភាពតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត