ក្រុងសៀមរាប៖ អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃ២៦មករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងអំឡុងពេលដើមរដូវប្រាំងក្នុងខែមករា បានផ្គត់ផ្គង់ទឹកជូនដល់ប្រជាកសិករ សម្រាប់ស្រោចស្រពស្រែប្រាំងនៅតាមទីតាំងភូមិសាស្រ្តឃុំ-សង្កាត់នានា ក្នុងខេត្តសៀមរាបដែលស្ថិតនៅខាងក្រៅប្រព័ន្ធស្រោចស្រពបារាយណ៍ខាងលិច លើទំហំផ្ទៃដីសរុបជិត២ពាន់ហិកតា…។

អាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ថា បានផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំងជាង១,៣ពាន់ហិចតា ក្នុងភូមិសាស្រ្តសង្កាត់សៀមរាប, ជួយផ្គត់ផ្គង់ទឹកលើផ្ទៃដីស្រែប្រាំង៣០០ហិកតា ក្នុងភូមិសាស្រ្តតំបន់កូនក្អែក និងថ្នល់តាអេង ឃុំខ្នាត ស្រុកពួក, ជួយផ្គត់ផ្គង់ទឹកលើផ្ទៃដីជាង៣០០ហិកតាទៀត នៅក្នុងភូមិសាស្រ្តភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក។

បើតាមលោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២៤ ការប្រមូលទឹកចូលអាងស្ដុកទឹកសំខាន់ៗនៅតំបន់រមណីយដ្ឋានអង្គរ គឺសម្រេចបាន១០០ភាគរយ ក្នុងនោះរាប់ទាំងបារាយណ៍តូច-ធំ កសិណទឹក អូរ និងប្រឡាយជាដើម។ ទឹកដែលប្រមូលបានទាំងនេះ មានបរិមាណជាង៦០លានម៉ែត្រគុប ដែលត្រៀមសម្រាប់ការប្រើប្រាស់នារដូវប្រាំងនេះ៕


