
រាជធានីភ្នំពេញ៖ ដើម្បីចូលរួមការពារសុខភាពបុគ្គលផ្ទាល់ខ្លួន និងសមាជិកគ្រួសារ ជាពិសេស កុមារតូចៗ និងមនុស្សចាស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤មករានេះ បានចេញសេចក្តីក្រើនរំលឹកឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសុខភាព ជាពិសេសការទទួលទានសុរាគ្មានប្រភពច្បាស់លាស់...។

ក្រសួងគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ត្រូវយកចិត្តទុកដាក់ការពារសុខភាព សុវត្ថិភាព ដោយត្រូវប្រកាន់ខ្ជាប់អនាម័យ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល មុនចាប់កាន់អាហារ ឬប៉ះពាល់សត្វ និងវត្ថុផ្សេងដែលអាចជាប្រភពចម្លងនៃមេរោគ។ ចំណែកចុងភៅ ត្រូវទុកដាក់អាហារឆៅ និងឆ្អិន ដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ និងត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ។ ត្រូវប្រើប្រាស់ទឹកស្អាត និងគ្រឿងផ្សំធ្វើម្ហូបមានគុណភាពល្អ ហើយមិនត្រូវប្រើប្រាស់សារធាតុគីមីបន្ថែមឡើយ។» បន្ថែមលើនេះ ក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ផងដែរថា៖ មិនត្រូវទទួលទានស្រាដែលគ្មានប្រភពច្បាស់លាស់ ឬយកមេតាណុលមកលាយជាមួយស្រា-ស បង្កឱ្យមានការពុលរហូតបាត់បង់ជីវិត និងមិនត្រូវទទួលទានភេសជ្ជៈស្រវឹងលើសកម្រិត ដែលអាចបង្កអំពើហិង្សា និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ លើសពីនេះ នៅពេលមានអាការក្អកកណ្ដាស់ ត្រូវខ្ទប់មាត់ដោយពាក់ម៉ាស់ ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃ ដោយមិនត្រូវខាកស្ដោះ និងបន្ទោបង់ពាសវាលពាសកាលឡើយ។

ជាងនេះទៅទៀត ប្រជាពលរដ្ឋត្រូវសម្រាន្តក្នុងមុង ស្លៀកពាក់ខោជើងវែង អាវដៃវែងឱ្យបានជិត ដើម្បីបង្ការមូសខាំដែលអាចបង្កជាជំងឺគ្រុនឈាម។ ត្រូវមានទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ និងសម្លៀកបំពាក់ទាំងនៅក្នុង និងក្រៅផ្ទះឱ្យមានសណ្ដាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះដើម្បីកាត់បន្ថយជម្រកមូស។ ពេលធ្វើដំណើរត្រូវគោរពច្បាប់ចរាចរឱ្យបានខ្ជាប់ខ្ជួន ហើយត្រូវប្រុងប្រយ័ត្ន និងបង្ការហានិភ័យនៅតាមផ្ទះសម្បែងរៀងខ្លួន។ មួយវិញទៀត គួរចៀសវាងការចូលរួមទីប្រជុំជន ឬធ្វើដំណើរ ប្រើសិនបើមានអាការក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព និងសូមប្រញាប់ទៅមណ្ឌលសុខភាព ឬទូរសព្ទទៅលេខ១១៥៕



