
ក្រុងសួង៖ រដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីល្ងាចថ្ងៃទី២២មករា ឆ្នាំ២០២៥ បានចេញមកបញ្ជាក់ថា មិនឱ្យមានការលក់ដូរនូវរំសេវផ្ទុះ(ផាវ) តាមតូប ឬហាង ដោយពុំមានច្បាប់អនុញ្ញាតពីសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរខេត្ត...។

រដ្ឋបាលខេត្តត្បូងឃ្មុំ គូសបញ្ជាក់ថា គ្រប់អាណាព្យាបាលត្រូវណែនាំ និងហាមឃាត់ឱ្យខាងតែបាននូវបងប្អូនកូនចៅរបស់ខ្លួនកុំឱ្យទិញ និងដុតផាវលេងជាល្បែងកម្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-៣១មករា ឆ្នាំ២០២៥ ខាងមុខ ដែលអាចកើតឡើងជាយថាហេតុនូវហេតុការណ៍ផ្សេងៗ ដោយផ្តើមចេញពីសកម្មភាពទាំងអស់នេះ។ ត្រូវមានការប្រុងប្រយ័ត្នពេលសែនព្រេន ករណីបិទទ្វារផ្ទះចោល ធ្វើដំណើរទៅកម្សាន្តទីឆ្ងាយ ត្រូវរៀបចំទុកដាក់ពន្លត់ទៀន-ធូប ឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងចេញដំណើរកម្សាន្ត។ ក្នុងនោះអាជ្ញាធរក្រុង-ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវជួយផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានជ្រាប និងអនុវត្តគ្រប់ៗគ្នា។

អាជ្ញាធរខេត្តត្បូងឃ្មុំ បានប្រាប់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាប់ពីពេលនេះតទៅ ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូល និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅតាមទីផ្សារ និងនៅគ្រប់ទីកន្លែង។ ចំពោះជនណានៅតែបំពាន ឬប្រព្រឹត្តល្មើសមិនគោរពតាមការណែនាំខាងលើ បង្កឱ្យមានចលាចលក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសទណ្ឌតាមច្បាប់ជាធរមាន៕





