
រាជធានីភ្នំពេញ៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ខាងមុខ ក្នុងនោះក៏នឹងមានបងប្អូនខ្មែរកាត់សែស្រឡាយចិនរៀបចំពិធីតាមទំនៀម ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ សូមណែនាំ និងហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យនេះឡើយ ខណៈអាជ្ញាធរមូលដ្ឋានត្រូវត្រួតពិនិត្យឱ្យបានខ្ជាប់ខ្ជួប...។

តាមសេចក្ដីណែនាំចុះថ្ងៃទី១៧មករា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់គ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព សមាគម អង្គការមិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន គេហដ្ឋាន ត្រូវរក្សាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែក សម្រាប់ការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដីដើម្បីធ្វើការដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ។

ចំណែក អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាប់ពីពេលនេះតទៅត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅតាមទីផ្សារ និងនៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។ ចំពោះជនណានៅតែបំពាន ឬប្រព្រឹត្តល្មើសមិនគោរពតាមការណែនាំខាងលើ បង្កឱ្យមានចលាចលក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសទណ្ឌតាមច្បាប់ជាធរមាន៕



