
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី២៥ ខែមករាថា ឯកឧត្តមបានត្រៀមឲ្យកម្លាំងសមត្ថកិច្ចត្រួតពិនិត្យ និងចាត់វិធានការដើម្បីទប់ស្កាត់កុំឲ្យមានការដុតផាវ កំាជ្រួច ជាពិសេសការលេងល្បែងស៊ីសងនៅពិធីបុណ្យចូលឆ្នាំចិនចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចពង្រឹងលើការត្រួតពិនិត្យ និងដកហូតវត្ថុដែលមានសារធាតុជាតិផ្ទុះគ្រប់ប្រភេទនៅរាជធានីភ្នំពេញ និងពង្រឹងឲ្យបានម៉ឺងម៉ាត់លើការទប់ស្កាត់ការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រករាជធានីភ្នំពេញ។

ដើម្បីទប់ស្កាត់ការនាំចូលផាវ កាំជ្រួច និងជាតិផ្ទុះដែលបង្កជាសំឡេងរំខានដល់អ្នកដទៃ អភិបាលរាជធានីភ្នំពេញហាមពលរដ្ឋដុតផាវ កាំជ្រួច និងដុតក្រដាសសែនពសវាសពាសកាល និងនៅលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ ហើយត្រូវដុតក្រដាសសែនតែនៅក្នុងធុងដែក ឬឆ្នាំងដី។ ជាមួយគ្នានេះ ហាមពលរដ្ឋលេងល្បែងស៊ីសងគ្រប់ប្រភេទ។ ជាពិសេសការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។
លើសពីនេះអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការអុជទៀនធូប ក្រដាសសែន ភ្លើងចង្រ្កាន ចរន្តអគ្គិសនី ដើម្បីជៀសវាងការបង្កជាអគ្គិភ័យកើតឡើងជាយថាហេតុ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានស្នើឲ្យមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ ត្រូវរួមគ្នាផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ កម្លាំងក្រោមឱវាទ និងពលរដ្ឋក្នុងមូលដ្ឋានឲ្យអនុវត្តតាមការណែនាំខាងលើនេះ។
ឯកឧត្តម ឃួង ស្រេង បានសង្កត់ធ្ងន់ថា ជនណាដែលបំពានលើសេចក្តីណែនាំនេះ ឬប្រព្រឹត្តលើ្មសបង្កឲ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព នឹងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសតាមច្បាប់ជាធរមាន៕




