ក្រុមសិទ្ធិមនុស្សបង្ហាញក្ដីបារម្ភលើការរឹតត្បិតរបស់ត្រាំ ជុំវិញការធ្វើដំណើររបស់ជនជាតិមូស្លីមចូលសហរដ្ឋអាម៉េរិក
ហៀប ស៊ីថេត
23 មករា 2025 03:00 AM

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រុមសិទ្ធិមនុស្សសហរដ្ឋអាម៉េរិក កំពុងព្រួយបារម្ភចំពោះបទ​បញ្ជា​នីតិ​ប្រតិបត្តិ​ថ្មីមួយ ដែលចុះហត្ថលេខាដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទទី២០មករាកន្លងទៅ ដែលបានដាក់បម្រាមឡើងវិញលើអ្នកដំណើរមកពីបណ្តាប្រទេសមូស្លីម ឬអារ៉ាប់...។

គណៈកម្មាធិការប្រឆាំងការរើសអើងជាតិសាសន៍អាម៉េរិក-អារ៉ាប់ (ADC) អះអាងថា បទបញ្ជាថ្មីដូចគ្នាទៅនឹងការហាមប្រាមការធ្វើដំណើរឆ្នាំ២០១៧ របស់ ត្រាំ។ ក្រុមប្រឹក្សាជាតិអ៊ីរ៉ង់-អាម៉េរិកាំង (NIAC) បានលើកឡើងផងដែរថា បទបញ្ជារបស់ ត្រាំ ស្តីពីការ[ការពារ]សហរដ្ឋអាម៉េរិកពីភេរវករបរទេស និងការគំរាមកំហែងសន្តិសុខជាតិ និងសុវត្ថិភាពសាធារណៈផ្សេងទៀត នឹងបំបែកបំបាក់គ្រួសារអាម៉េរិកចេញពីមនុស្សជាទីស្រឡាញ់ និងធ្វើឱ្យការចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យធ្លាក់ចុះ។ បទបញ្ជាថ្មីរបស់លោក ត្រាំ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃចន្ទទី២០មករា លេចឡើងទន្ទឹមនឹងវិធានការក្ដៅផ្សេងទៀត ដោយកំណត់រយៈពេល៦០ថ្ងៃសម្រាប់មន្ត្រីជាន់ខ្ពស់រដ្ឋ យុត្តិធម៌ ស៊ើបការណ៍សម្ងាត់ និងសន្តិសុខមាតុភូមិ ដើម្បីកំណត់អត្តសញ្ញាណបុគ្គលដែលចង់បានសញ្ជាតិអាម៉េរិក និងដើម្បីប្រាកដថា បុគ្គលនោះមិនមែនជាការគំរាមកំហែងសន្តិសុខ ឬសុវត្ថិភាពសាធារណៈ។

បទបញ្ជាប្រតិបត្តិថ្មីរបស់ ត្រាំ នេះ គឺហួសពីការហាមប្រាមឆ្នាំ២០១៧ លើអ្នកដំណើរមកពីប្រទេសចំនួនប្រាំពីរ​ ដែលភាគច្រើនជាជនជាតិមូស្លីម ដោយបដិសេធសំណើទិដ្ឋាការ ឬការចូលទៅកាន់សហរដ្ឋអាម៉េរិក ប្រសិនបើពួកគេប្រកាន់អាកប្បកិរិយាអរិភាពចំពោះពលរដ្ឋ វប្បធម៌ រដ្ឋាភិបាល ស្ថាប័ន ឬគោលការណ៍នានា។ បទបញ្ជានេះនឹងអនុញ្ញាតឱ្យមានការនិរទេសបុគ្គលនៅក្នុងសហរដ្ឋអាម៉េរិក ដោយផ្អែកលើអ្វីដែលពួកគេនិយាយ ឬអ្វីដែលពួកគេបានធ្វើ ហើយថាតើពួកគេកាន់មុខតំណែងអ្វី..? ប្រសិនបើពួកគេចូលរួមការតវ៉ាប្រឆាំងអាម៉េរិក នោះរដ្ឋបាលថ្មីអាចចាត់ទុកថា ជាអរិភាព ដូច្នេះ ពួកគេនឹង​ត្រូវ​ដកហូត​ទិដ្ឋាការ​ហើយប្រឈមនឹងការនិរទេសចេញ។

គួរជម្រាបថា លោក ត្រាំ បាននិយាយម្ដងហើយម្ដងទៀតថា លោកនឹងអនុវត្តការហាមឃាត់នៃការធ្វើដំណើរលើប្រជាជនមកពីប្រទេសមួយចំនួន តាមរយៈការពង្រីកលើគោលនយោបាយ ដែលគាំទ្រដោយតុលាការកំពូលក្នុងឆ្នាំ២០១៨។ សូមរំឭកថា ក្នុងអំឡុងយុទ្ធនាការប្រធានាធិបតី លោក ត្រាំ បានលើកឡើងថា លោកនឹងដាក់បម្រាមនៃការធ្វើដំណើរឡើងវិញ លើប្រជាជនមកពីតំបន់ហ្កាហ្សា លីប៊ី សូម៉ាលី ស៊ីរី យេម៉ែន និងប្រទេសផ្សេងទៀត ដែលគំរាមកំហែងដល់សន្តិសុខរបស់សហរដ្ឋអាម៉េរិក។ លើសពីនេះលោក ត្រាំ ក៏ព្យាយាមរារាំងប្រជាជនមកពីប្រទេសកុម្មុយនីស្ដ និងសង្គមនិយម​ មិន​ឱ្យ​ចូល​ក្នុង​សហរដ្ឋ​អាម៉េរិកផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត