
រាជធានីភ្នំពេញ៖ ដើមឈើកម្រចំនួន៥ប្រភេទនៅកម្ពុជា ដែលអង្គភាពសារព័ត៌មាន SBM News លើកយកមកជម្រាបជូនដល់លោកអ្នកអានឱ្យបានដឹងនាពេលនេះរួមមាន ដើមគ្រញូង ដើមនាងនួន ដើមបេង ដើមធ្នង់ និងដើមច្រេស…។

តាមការបង្ហោះរបស់ផេកឈ្មោះ អេកូយុវទូត បានឱ្យដឹងថា ដើមគ្រញូង ជាទូទៅមានពណ៌ក្រហមឆ្នូតលាយជាមួយពណ៌-ស ឬក្រមៅ ហើយឈើមានសាច់រឹង និងម៉ត់ មានកម្ពស់ប្រមាណ២០ទៅ៣០ម៉ែត្រ។ ក្នុងនោះគ្រញូងមាន២ប្រភេទរួមមាន៖ ទី១. គ្រញូងដែក និងទី២.គ្រញូងឈាមមាន់។ ចំពោះឈើគ្រញូងឈាមមាន់ មានកម្ពស់ចាប់ពី៨ទៅ៣០ម៉ែត្រ។ ឈើគ្រញូង ជាប្រភេទរុក្ខជាតិដែលមានអាយុកាលរាប់រយឆ្នាំមានខ្លឹមរឹង អាចឱ្យគេយកទៅកែច្នៃជាគ្រឿងសង្ហារឹម គ្រឿងលម្អ និងវត្ថុស័ក្តិសិទ្ធិ តាមជំនឿ ដូច្នេះហើយទើបជាវាជារុក្ខជាតិដែលក្រុមអ្នករកស៊ីឈើចង់បានបំផុត។ ចំពោះ ដើមនាងនួន មានកម្ពស់ចាប់ពី១៥ ទៅ៣០ម៉ែត្រ មានសណ្ឋានសាច់ឈើពណ៌ក្រមៅ បណ្តូលក្រាស់ ពណ៌ប្រផេះ ឬស្វាយលាយក្រហមឆ្នូតៗ។ ផ្លែវាមានរាងសំប៉ែតហើយមានផ្ទុកគ្រាប់ពី១ទៅ២គ្រាប់។ ស្លឹកពណ៌បៃតងចាស់រាងពងក្រពើដុះឆ្លាស់គ្នា ផ្កាវាពណ៌ស្វាយតូចៗនៅក្នុងកញ្ចុំផ្កា ហើយវាប្រែពីពណ៌ស្វាយទៅជាពណ៌ផ្កាឈូក បន្ទាប់មកទៅជាពណ៌-សនៅពេលរីក និងចាស់។

វាច្រើនដុះក្នុងព្រៃធំហើយជ្រុះស្លឹកនៅរដូវប្រាំង។ ដើមនាងនួន គេច្រើនយកមកធ្វើជាក្ដារងឿ តុ ទូ ជាគ្រឿងសង្ហារឹម និងយកសង់ផ្ទះ។ អ្វីដែលពិសេសឈើប្រភេទនេះ ប្រើកាន់តែយូរៗទៅ មានភាពរលោងស្អាតតែម្ដង។ រីឯដើមបេង មានកម្ពស់ពី១២ ទៅ៣០ម៉ែត្រ មានខ្លឹមរឹងពណ៌ក្រហម វាបន្តពូជដោយគ្រាប់។ ស្លឹកវារួមដុះឆ្លាស់ទង ផ្កាមានពណ៌-ស ក្រហម ឬលឿង ទៅតាមពូជ និងទឹកដី ផ្លែមានរាងស្រដៀងនឹងផ្លែអំពិលក្ដារ តែខ្លីហើយសំប៉ែតជាងបន្តិច។ ដើមបេង ដុះដោយខ្លួនឯងតាមតំបន់ភ្នំ ព្រៃរបោះ។ ប្រភេទឈើបេងត្រូវបានរកឃើញដុះនៅក្នុងប្រទេស កម្ពុជា ឡាវ ថៃ វៀតណាម និងភូមា។ នៅប្រទេសកម្ពុជា ឈើប្រភេទនេះរងនូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងឈានទៅរកការបាត់បង់យ៉ាងឆាប់រហ័សដោយសារការធ្វើអាជីវកម្មហួសកម្រិត។ ដើមបេង ក៏ត្រូវបានចាត់ចូលទៅក្នុងបញ្ជីនៃប្រភេទឈើដែលរងគ្រោះថ្នាក់របស់អង្គការ IUCN (World List of Threatened Trees)។

រីឯដើមធ្នង់ បន្តពូជដោយគ្រាប់ អាចមានកម្ពស់ពី១៥ទៅ៣០ម៉ែត្រ វាមានក្លិនប្រហើរ សាច់ជាប់ស្អិតជាងគ្រញូង ស្លឹកវារួមស្លាបសេស ដុះឆ្លាស់ទងកូនស្លឹករាងពងក្រពើ ផ្កាចេញពីប្រគាបស្លឹកផ្លែវារាងសំប៉ែតមានបន្ទះស្លាប ជុំវិញវាច្រើនដុះនៅក្នុងព្រៃ។ បើតាមសៀវភៅ មគ្គុទេសក៍ស្តីពីបន្លែនៅកម្ពុជា បានឱ្យដឹងថា ដើមច្រេស មានកម្ពស់ចាប់ពី ១៥ទៅ២០ម៉ែត្រ ឬអាចដល់៣០ម៉ែត្រ ស្លឹករាងពងក្រពើដុះទល់ទងគ្នាមានពី៦ទៅ៨គូ។ សម្បកវាគគ្រើម ផ្នែកខាងគល់មានពណ៌ត្នោតប្រផេះ ផ្នែកខាងលើក៏មានពណ៌ប្រផេះដូចគ្នា ផ្កាវាចេញនៅប្រគាបស្លឹកចុងមែក។ គេនិយមដាំវានៅជិតភូមិ ឬតាមមាត់ផ្លូវដើរ ដើម្បីយកធ្វើជាម្លប់ជ្រកផងដែរ។ ស្លឹកធ្វើជាបន្លែសម្រាប់បង់ក្នុងសម្លកកូរ ផ្កាច្រេសអាចព្យាបាលជំងឺបូស ឬដំបៅផ្សេងៗ ស្លឹកព្យាបាលក្អក សម្បកឈើអាចព្យាបាលរាកមួល៕





