
រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីប្រមាណ៣០នាក់ ត្រូវកម្លាំងនគរបាលព្រម្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងភ្នាល់បាល់អនឡាញដុះស្លែក្បែរលូរទឹកស្អុយបឹងត្របែក កាលពីថ្ងៃទី២១មករា ឆ្នាំ២០២៥ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន...។

ទីតាំងខាងលើត្រូវបានគេដឹងថា ធ្លាប់មានការបង្ក្រាបម្ដងរួចមកហើយកាលពីកំំលុងឆ្នាំ២០១៨។ ប្រតិបត្តិការនេះ ធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការឆ្មក់បង្ក្រាបចាប់ខ្លួនក្រុមអ្នកញៀនល្បែង និងបុគ្គលិកប្រមាណ៣០នាក់ ព្រមទាំងវត្ថុតាងដឹកតាមរថយន្តបញ្ជូនទៅកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ។ ជុំវិញការបង្រ្កាបនេះ អង្គភាពសារព័ត៌មាន SBM News ព្យាយាមសុំការបំភ្លឺបន្ថែមពីលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ ដោយលោកបញ្ជាក់យ៉ាងខ្លីថា ពាក់ព័ន្ធករណីខាងលើ លោកនៅមិនទាន់ទទួលបានរបាយការណ៍ពីកម្លាំងជំនាញនៅឡើយ តែលោកនឹងជម្រាបជូនលម្អិតនៅពេលក្រោយ។

គួរជម្រាបជូនផងដែរថា ទីតាំងដែលលួចបង្កប់ល្បែងភ្នាល់បាល់តាមអនឡាញនេះ ត្រូវបានគេដឹងថា ធ្លាប់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនៃក្រសួងមហាផ្ទៃ ចុះបង្រ្កាបម្ដងរួចមកហើយ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ ខណៈប្រតិបត្តិការបង្ក្រាបនោះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជា ថែ អនុប្រធាននាយកដ្ឋាន សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានធ្វើការឃាត់ខ្លួនមនុស្ស១១នាក់ ក្នុងនោះអ្នកចូលលេងល្បែងភ្នាល់មានចំនួន៧នាក់ និងមេការ៤នាក់។ ចំពោះករណីខាងលើ អង្គភាពសារព័ត៌មាន SBM News នឹងបន្តតាមដានជាបន្តទៀតនៅពេលក្រោយ៕







