
យ៉ាំងហ្គោន៖ របបយោធាដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាសពីការនិរទេសមនុស្សជាង៥ម៉ឺននាក់ ដែលត្រូវបានគេសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ទៅកាន់ប្រទេសចិន ខណៈការអំពាវនាវដ៏កម្រមួយទៅកាន់ប្រទេសជិតខាងឱ្យធ្វើអន្តរាគមន៍...។

មជ្ឈមណ្ឌលឆបោកបានរីកដុះដាលដូចផ្សិតនៅតាមតំបន់ព្រំដែននៃប្រទេសមីយ៉ាន់ម៉ា ដោយមានបុគ្គលិកជាជនបរទេសដែលត្រូវបានជួញដូរ និងបង្ខំឱ្យធ្វើការបោកប្រាស់ជនរួមជាតិរបស់ពួកគេ។ វិចារណកថាមួយត្រូវបានចេញផ្សាយនៅក្នុងកាសែតរដ្ឋ Global New Light of Myanmar រៀបរាប់លម្អិតអំពីវិសាលភាព នៃសកម្មភាពឧក្រិដ្ឋកម្ម រួមទាំងការបោកប្រាស់តាមអ៊ីនធឺណិត និងល្បែងស៊ីសងជាសាធារណៈជាលើកដំបូង ដោយលើកឡើងថា របបយោធាបានចាប់ និងនិរទេសជនបរទេសជាង៥ម៉ឺន៥ពាន់នាក់ ពាក់ព័ន្ធនឹងការឆបោកតាមព្រំដែន ទៅកាន់ប្រទេសកំណើតរបស់ពួកគេចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក ក្នុងនោះជាង៥ម៉ឺន៣ពាន់នាក់ ត្រូវបានបញ្ជូនទៅកាន់ប្រទេសចិន។ ជនបរទេសធំទីពីរ គឺមកពីវៀតណាម ដែលមានជាងមួយពាន់នាក់ តាមពីក្រោយដោយប្រទេសថៃ មានជាង៦០០នាក់។ អ្នកផ្សេងទៀតមកពីប្រហែល២៥ប្រទេសផ្សេងទៀត នេះបើតាម Global New Light of Myanmar។

អត្ថបទនេះ បានបន្ថែមថា អ្នកទទួលខុសត្រូវមិនមែនជាជនជាតិមីយ៉ាន់ម៉ា ឬជនស៊ីវិលបរទេសធម្មតាទេ ប៉ុន្តែជាជនល្មើសរត់គេចខ្លួន ដែលបានចូលប្រទេសមីយ៉ាន់ម៉ាដោយខុសច្បាប់ពីប្រទេសជិតខាង។ របបយោធាបានអំពាវនាវឱ្យប្រទេសជិតខាងរបស់ខ្លួនចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិត និងល្បែងអនឡាញខុសច្បាប់។ ព្រំដែនភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ជាមួយប្រទេសចិនពីមុនគឺជាជម្រកដ៏កក់ក្តៅសម្រាប់មជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិត ដែលដំណើរការដោយកងជីវពលមានទំនាក់់ទំនងជាមួយរបបយោធាកាន់អំណាច។ ប៉ុន្តែការវាយលុកយ៉ាងខ្លាំងដោយសម្ព័ន្ធភាពនៃក្រុមប្រដាប់អាវុធជនជាតិភាគតិច បានបោសសម្អាតមជ្ឈមណ្ឌលឆបោកជាច្រើនកន្លែង។

ប្រព័ន្ធផ្សព្វផ្សាយមីយ៉ានម៉ាក្នុងស្រុក បានរាយការណ៍ថា ថៅកែមជ្ឈមណ្ឌលឆបោកដែលរត់គេចពីការវាយប្រហារ បានបើកហាងបន្ថែមទៀតនៅភាគខាងត្បូងតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ។ យោធាមីយ៉ាន់ម៉ា និងមន្ត្រីយោធាថៃបានព្រមព្រៀងគ្នា ដើម្បីរួមគ្នាលុបបំបាត់ការលេងល្បែងអនឡាញ និងការឆបោកតាមអ៊ីនធឺណិត។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់មីយ៉ាន់ម៉ា។ ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ បានស្ថិតក្នុងភាពចលាចលចាប់តាំងពីរបបយោធា បានទម្លាក់មេដឹកនាំស៊ីវិលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ លោកស្រី អ៊ុងសាន ស៊ូជី ចេញពីតំណែងក្នុងរដ្ឋប្រហារឆ្នាំ២០២១៕


