
រាជធានីភ្នំពេញ៖ លោកឧត្តមនេសីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២០មករា ឆ្នាំ២០២៥ បានថ្លែងថា ស្នងការនគរបាលរាជធានីភ្នំពេញ នឹងបង្កើតក្រុមល្បាតចល័តចរាចរណ៍ ដើម្បីត្រួតពិនិត្យអនុវត្តលើអ្នកដំណើរទាំងហ្លាយណា ដែលសមត្ថកិច្ចមានការសង្ស័យថា មានជាតិស្រវឹង ទោះអ្នកទាំងនោះមិនធ្វើដំណើរឆ្លងកាត់ដាក់គោលដៅអនុវត្តក៏ដោយ...។

តាមរយៈឃ្លីបវីដេអូឃ្លីបប្រមាណជិត២នាទី លោក ជួន ណារិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា៖«យើងនឹងធ្វើផែនការមួយនេះ ដើម្បីរាយការណ៍ជូនឯកឧត្តម អភិបាលរាជធានីភ្នំពេញ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ និងគោរពស្នើសុំពីឯកឧត្ដមអភិសន្តិបណ្ឌិត គឺបង្កើតក្រុមល្បាតចល័តចរាចរណ៍! យើងមិនមែនចេះតែជិះទេ ដោយយើងដាក់នៅគោលដៅណាមួយ ហើយយើងមើលស្ថានភាពថា តើរថយន្ត ឬម៉ូតូនឹងបើកមកក្នុងស្ថានភាពស្រវឹង អ៊ីចឹង យើងត្រូវចាប់ឱ្យចំគោលដៅតែម្ដង»។

បើតាមលោក ជួន ណារិន្ទ ក្នុងករណីមានការសង្ស័យថា មានជាតិស្រវឹង ក្រុមល្បាតចល័តចរាចរណ៍ នឹងចូលទៅបញ្ឈប់មធ្យោបាយរបស់អ្នកបើកបរនោះតែម្ដង ដើម្បីត្រួតពិនិត្យ។ ទន្ទឹមគ្នា លោកស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានប្រគល់ភារកិច្ចដល់ស្នងការរងពាក់ព័ន្ធដែលទទួលតាមខណ្ឌ ជុំវិញការប្ដូរម៉ោងត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់។ លោកថា អាជ្ញាធរនឹងបង្កើនកិច្ចការងារត្រួតពិនិត្យជាតិស្រវឹងឱ្យច្រើនជាងមុន ហើយផ្លាស់ប្ដូរពេលវេលា និងភូមិសាស្ត្រផងដែរ។

គួរជម្រាបថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាក្ដីបារម្ភសម្រាប់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។ ការបង្កើតក្រុមល្បាតចល័តចរាចរណ៍ ដើម្បីតាមពិនិត្យអនុវត្តលើអ្នកដំណើរដែលសមត្ថកិច្ចមានការសង្ស័យថា មានជាតិស្រវឹង ជាវិធានការមួយក្នុងចំណោមវិធានការជាច្រើន ដែលត្រូវបានធ្វើឡើងដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍។ ការបង្កើតក្រុមល្បាតចល័តចរាចរណ៍នេះទៀតសោះ ក៏ត្រូវបានធ្វើឡើងបន្ទាប់ពីរយៈពេលថ្មីៗនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ហាក់មានការកើតឡើងញឹកញាប់ ពិសេសនៅពេលយប់ ដែលកត្តាល្បឿន ស្រវឹង និងការមិនគោរពសិទ្ធិគ្នា ជាកត្តាមួយចម្បង៕



