
រាជធានីភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកម្ភៈ បានចេញសេចក្តីបំភ្លឺឆ្លើយតបនឹងការរិះគន់របស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក្រោយអាជ្ញាធរធ្វើការកោះហៅអ្នកបើកបររថយន្តកែច្នៃអគ្គិសនីចល័តតាមដងផ្លូវសាធារណៈ ដែលដឹកភ្ញៀវចាក់ចម្រៀងច្រៀងរាំ និងផឹកស្រាបៀរនៅតាមទីសាធារណៈ ដោយអ្នកលេងបណ្តាញសង្គមទាំងនោះ បានសម្ដែងការមិនពេញចិត្តចំពោះទង្វើរបស់អាជ្ញាធរ និងលើកឡើងថា អាជ្ញាធរមិនជួយលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក...។

យោងតាមខ្លឹមសារបកស្រាយបានឱ្យដឹងបន្ថែមថា អាជ្ញាធរនឹងមិនហាមឃាត់ឡើយចំពោះប្រជាពលរដ្ឋដែលធ្វើអាជីវកម្មលើវិស័យទេសចរណ៍ដោយស្របច្បាប់ ព្រោះនឹងអាចបង្កើនចំណូលសម្រាប់ដោះស្រាយជីវភាព និងទាក់ទាញទេសចរណ៍។ ប៉ុន្តែអាជ្ញាធរនឹងមិនអនុញ្ញាតចំពោះអាជីវកម្មដែលមិនស្របច្បាប់នោះទេ ដូចក្នុងករណីខាងលើ រថយន្តដឹកភ្ញៀវទេសចរណ៍នោះ គឺមិនមានការបញ្ជាក់ពីលក្ខណៈបច្ចេកទេសត្រឹមត្រូវពីក្រសួងសាធារណការ និងដឹកជញ្ជូនឡើយ។ ជាងនេះទៀត ការដឹកភ្ញៀវធ្វើដំណើរចល័តតាមដងផ្លូវសាធារណៈ និងមានការចាក់ចម្រៀង ច្រៀងរាំកងរំពង និងពិសាស្រាបៀរតាមផ្លូវសាធារណៈ គឺមានហានីភ័យអាចបង្កបញ្ហាគ្រោះដោយប្រការណាមួយ ហើយក៏ជាកាយវិកាមិនសមរម្យបង្កភាពរញ៉េរញ៉ៃ និងជាគំរូមិនល្អនៅក្នុងសង្គម ជាពិសេសពេលភ្ញៀវស្រវឹងនឹងមិនអាចធានាពីវត្ថិភាពពួកគេបានឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០កុម្ភៈ អាជ្ញាធរសង្កាត់ចតុមុខ បានធ្វើការអញ្ជើញអ្នកបើករថយន្តកែច្នៃអគ្គិសនី ខាងលើមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដោយធ្វើការអប់រំណែនាំ និងឱ្យបញ្ឈប់នូវសកម្មភាពដឹកភ្ញៀវផឹកស៊ីចល័តតាមផ្លូវសាធារណៈបែបនេះតទៅទៀត៕




