
រាជធានីភ្នំពេញ៖ ជនសង្ស័យមួយរូបដែលបានប្រើឡាមដើម្បីវះយកកាបូប និងសម្ភារៈប្រើប្រាស់មួយចំនួន របស់ជនបរទេសម្នាក់ដែលកំពុងដេកលក់នៅលើបង់ម្តុំសួនច្បារមាត់ទន្លេ ខណ្ឌដូនពេញ ពេលនេះត្រូវបាន កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ។ នេះបើតាមការឱ្យដឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាន ចុះស្រាវជ្រាវ និងស៊ើបអង្កេតរកឃើញថាករណីខាងលើគឺជនសង្ស័យឈ្មោះ ខុំ ចាន់ បានធ្វើសកម្មភាពយកឡាមកាត់ខ្សៃកាបូប និងលួចទូរសព្ទដៃ របស់ជនជនរងគ្រោះដែលជាជនជាតិបរទេសពេលកំពុងដេកលក់លើបង់នៅសួនច្បារមាត់ទន្លេ ត្រង់ចំណុចផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ តាមប្រភពដដែលបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ខុំ ចាន់ ហៅអាខឿន ភេទប្រុស ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ នៅចំណុចផ្លូវលេខ៥ កែងផ្លូវ១៥៤ សង្កាត់ផ្សារកណ្តាល១។ រីឯវត្ថុតាងដកហូតមាន បាស្ព័រ ចំនួន០១, កាតATM ចំនួន០២ ហើយវត្ថុតាងទាំងនោះកំពុងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីទុកប្រគល់ជូនជនរងគ្រោះ ហើយបច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕




