
ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំចិនចាប់ពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២២ មានភ្ញៀវទេសចរចំនួន៩៤៧,៤៩៧នាក់បានដើរកម្សាន្តលេងនៅទូទាំងប្រទេស ក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន១៦,១៨៩នាក់។ ខេត្តចំនួន៥ដែលមានភ្ញៀវទេសចរទៅលេងច្រើនគឺមានរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តសៀមរាប។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
របាយការណ៍បានបញ្ជាក់ថា នៅថ្ងៃចូលឆ្នាំចិនទី១ មានភ្ញៀវប្រមាណ ៣៣៣,៧០៩ នាក់។ ថ្ងៃទី២ មានភ្ញៀវប្រមាណ ៣៥៣,២១៦នាក់ ហើយថ្ងៃទី៣ មានភ្ញៀវប្រមាណ ៣០៧,៤២១ នាក់។ ក្នុងចំណោមខេត្តទាំងអស់គឺមានរាជធានីភ្នំពេញមានភ្ញៀវទេសចរណ៍ច្រើនជាងគេគឺ២៥៨,០៦៩នាក់។ បន្ទាប់មកខេត្តបាត់ដំបង ១៩៣,៥៦៧នាក់។ ខេត្តកំពតមាន៦៦,៥៣៤ នាក់, ខេត្តសៀមរាប ៥៨,៩៥៣នាក់ និងខេត្តកែប ៥៥,២៥១នាក់។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ចូលឆ្នាំចិនឆ្នាំនេះគឺមានកំណើនភ្ញៀវទេសចរចំនួន៦,១៥ភាគរយ បើធៀបនឹងចូលឆ្នាំចិនឆ្នាំ២០២១។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានកត់សម្គាល់ថា ទោះបីចូលឆ្នាំចិន មិនមែនជាថ្ងៃឈប់សម្រាករបស់ពលរដ្ឋខ្មែរ ប៉ុន្តែពលរដ្ឋបាននាំគ្នាដើរកម្សាន្តលេងយ៉ាងផុសផុលនៅគ្រប់បណ្តាខេត្ត។
ឯកឧត្តម ថោង ខុនបានថ្លែងថា ចរន្តភ្ញៀវទេសចរនៅពិធីបុណ្យចូលឆ្នាំចិននេះហើយ នឹងបន្តជំរុញឲ្យមានភ្ញៀវទេសចរនៅចុងសប្តាហ៍នេះបន្ថែមទៀត ដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍សង្កេតឃើញថា រយៈពេលចូលឆ្នាំចិន៣ថ្ងៃកន្លងទៅនេះ មិនមានអ្វីគួរជាទីកត់សម្គាល់ឡើយ ដោយសារតែមានថ្នាក់ដឹកនាំខេត្ត មន្ទីរទេសចរណ៍រាជធានីខេត្ត និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំ និងខិតខំថែរក្សាសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពដល់ពលរដ្ឋក្នុងការធ្វើដំណើរកម្សាន្តលេងនៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗ៕








