អាជីវករលក់គ្រឿងសម្ភារចូលឆ្នាំចិន សប្បាយរីករាយដោយមានអតិថិជនចូលទិញច្រើន
អុន សម្ផស្ស
17 មករា 2023 12:00 PM

(ខេត្តបាត់ដំបង)៖ ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម កាន់តែខិតជិតចូលមកដល់នោះ គេសង្កេតឃើញនៅតាមទីផ្សារនានាក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ដូចជាផ្សារធំបាត់ដំបង ហៅផ្សារណាត់ និងផ្សារបឹងឈូក ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានការដាក់តាំងលក់ដូរនូវគ្រឿងសំណែន និងគ្រឿងតុបតែងលម្អផ្ទះជាច្រើនមុខ ខណៈដែលកូនខ្មែរកាត់សែស្រឡាយចិន បាននាំគ្នាទៅទិញគ្រឿងទាំងនោះតាមទំនៀមទម្លាប់ ដែលខ្លួនបានធ្វើកន្លងមកជារៀងរាល់ឆ្នាំ។

អ្នកស្រី ឡឹម ម៉ុយជូរ ជាអាជីវករលក់ដូរនៅផ្សារបឹងឈូក បានឱ្យដឹងថាការលក់ដូរក្នុងឆ្នាំនេះគឺដាច់ជាងឆ្នាំមុន ខណៈមានការកើនឡើងអ្នកទិញគ្រឿងសំណែនក៏ដូចជាគ្រឿងតុបតែងលម្អសម្រាប់បុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ ហើយសម្រាប់ការដាក់តាំងលក់សម្ភារសំណែនទាំងនោះបានដាក់តាំងលក់ ចាប់ពី១ខែមុនមកម៉្លេះ។ សម្រាប់ភ្ញៀវដែលទំនេរបានមកទិញទុកមុន ចំណែកអ្នកខ្លះទៀតមិនទាន់ទំនេរទាល់តែជិតដល់ថ្ងៃចូលឆ្នាំទើបមកទិញ។ អ្នកស្រីបានបន្តថា គាត់មិនត្រឹមតែលក់ជាសម្ភារគ្រឿងសំណែននោះទេ តែមានលក់គ្រឿងចាប់ហួយផ្សេងៗ សម្រាប់ធ្វើជាមុខម្ហូបថែមទៀតផង។

ដោយឡែកអ្នកស្រី លី គឹមមករា ក៏ជាអាជីវករលក់ដូរនៅផ្សារបឹងឈូកនេះដែរ បានបញ្ជាក់ឱ្យដឹងថា សម្រាប់គាត់​ការលក់ដូរគ្រឿងសំណែនក្នុងឆ្នាំនេះហាក់ដូចជាមានសភាពស្ងប់ស្ងាត់ ជាងឆ្នាំៗមុន។

យ៉ាងណាក៏ដោយ ក្នុងនាមអាជីវករលក់ដូរគ្រឿងសំណែន អ្នកស្រី ឡឹម ម៉ុយជូរ និងអ្នកស្រី លី គឹមមករា បានបង្ហាញអំពីភាពសប្បាយរីករាយចំពោះមុខរបររបស់ខ្លួនដែលអាចលក់ដូរសម្រាប់ជីវភាពរស់នៅបានសមរម្យនៅក្នុងសង្គមដូចគេឯងផងដែរ៕ រាយការណ៍ដោយ៖ លោក សុខ វិឆ័យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត